គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 20:35-46 Khmer Standard Version (KHSV)

35. ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នៅ​លោក​ខាង​មុខ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។

36. អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវតា*។ គេ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។

37. លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប។

38. ព្រះ‌ជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។

39. ពួក​អាចារ្យ*​ខ្លះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម​ត្រូវ​ល្អ​ណាស់»។

40. បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះ‌អង្គ​អំពី​រឿង​អ្វី​ទៀត​ឡើយ។

41. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​មនុស្ស‌ម្នា​ថា ព្រះ‌គ្រិស្ដ*​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច្នេះ?

42. ដ្បិត​ក្នុង​គម្ពីរ​ទំនុក‌តម្កើង ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ព្រះ‌អម្ចាស់ របស់​ខ្ញុំ​ថា សូម​គង់​នៅ​ខាង​ស្ដាំ​យើង

43. ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​ព្រះ‌អង្គ”។

44. បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រិស្ដ​ថា ព្រះ‌អម្ចាស់ ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រិស្ដ​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​ដូច​ម្ដេច​កើត!»។

45. នៅ​ពេល​ប្រជា‌ជន​ទាំង​មូល​កំពុង​ស្ដាប់​ព្រះ‌អង្គ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖

46. «ចូរ​ប្រយ័ត្ន​នឹង​ពួក​អាចារ្យ*​ឲ្យ​មែន​ទែន ពួក​នោះ​ចូល​ចិត្ត​ពាក់​អាវ​វែង ដើរ​ចុះ​ដើរ​ឡើង ហើយ​ចូល​ចិត្ត​ឲ្យ​គេ​អោន​កាយ​គោរព​នៅ​តាម​ផ្សារ ព្រម​ទាំង​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ* និង​ចូល​ចិត្ត​កន្លែង​កិត្តិយស​នៅ​ពេល​ជប់‌លៀង។

សូមអានជំពូកពេញលេញ លូកា 20