គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 20:22-30 Khmer Standard Version (KHSV)

22. សូម​លោក​ប្រាប់​យើង​ខ្ញុំ​ផង តើ​ច្បាប់*​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។

23. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ពុត‌ត្បុត​របស់​ពួក​គេ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

24. «ចូរ​បង្ហាញ​ប្រាក់​មួយ​កាក់​ឲ្យ​ខ្ញុំ​មើល​មើល៍ តើ​លើ​កាក់​នេះ​មាន​រូប​នរណា ឈ្មោះ​នរណា?»។ គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិរាជ»។

25. ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិរាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។

26. អ្នក​ទាំង​នេះ​ពុំ​អាច​ចាប់​កំហុស​ព្រះ‌អង្គ នៅ​ពេល​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នៅ​មុខ​ប្រជា‌ជន​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល​ឆ្លើយ​តប​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់ ហើយ​គេ​ក៏​នៅ​ស្ងៀម។

27. មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី*​ខ្លះ​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

28. «លោក​គ្រូ! លោក​ម៉ូសេ*​បាន​ចែង​ច្បាប់​ទុក​ឲ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន។

29. ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ‌ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀប‌ការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។

30. ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បី ក៏​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។

សូមអានជំពូកពេញលេញ លូកា 20