គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លូកា 20:1-16 Khmer Standard Version (KHSV)

1. ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​ព្រះ‌វិហារ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* មាន​ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​មក​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ

2. ទូល​សួរ​ព្រះ‌អង្គ​ថា៖ «សុំ​លោក​ប្រាប់​ឲ្យ​យើង​ដឹង​ផង លោក​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក?»។

3. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​សំណួរ​មួយ​ដល់​អស់​លោក​ដែរ សូម​ប្រាប់​ខ្ញុំ​មើល៍

4. តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។

5. គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន?”។

6. បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​ឲ្យ​មក” ប្រជា‌ជន​ទាំង​មូល​មុខ​ជា​យក​ដុំ​ថ្ម​គប់​សម្លាប់​យើង​មិន​ខាន ដ្បិត​គេ​ជឿ​ជាក់​ថា លោក​យ៉ូហាន​ពិត​ជា​ព្យាការី*​មែន»។

7. ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ មិន​ដឹង​ជា​អ្នក​ណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឡើយ»។

8. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

9. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ប្រជា‌ជន​ជា​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​បាន​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ ហើយ​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។

10. លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ជួប​ពួក​អ្នក​ថែ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់ ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​បម្រើ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។

11. ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​កសិករ​បាន​វាយ‌ដំ​អ្នក​នេះ​ដែរ ហើយ​ជេរ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។

12. គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក​ជា​លើក​ទី​បី។ អ្នក​ថែ​ចម្ការ​បាន​វាយ‌ដំ​អ្នក​បម្រើ​នេះ​ឲ្យ​របួស ហើយ​បោះ​ទៅ​ខាង​ក្រៅ​ចម្ការ។

13. ម្ចាស់​ចម្ការ​គិត​ថា “តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ចាត់​កូន​ប្រុស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ​ម្ដង គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ខ្ញុំ​ពុំ‌ខាន”។

14. ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​សម្លាប់​វា​ចោល ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។

15. គេ​ក៏​បោះ​កូន​ប្រុស​ម្ចាស់​ចម្ការ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ដល់​អ្នក​ទាំង​នោះ?

16. គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមអានជំពូកពេញលេញ លូកា 20