គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 9:9-24 Khmer Standard Version (KHSV)

9. ដ្បិត​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។

10. មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ គឺ​លោក​អ៊ីសាក​ជា​បុព្វបុរស​របស់​យើង។

11. ព្រះ‌ជា‌ម្ចាស់​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ

12. ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន»

13. ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកុប​ជាង​អេសាវ»។

14. ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​ព្រះ‌ជា‌ម្ចាស់​អយុត្ដិ‌ធម៌​ឬ? ទេ មិន​មែន​ទេ!

15. ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា: «យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ»។

16. ដូច្នេះ មិន​មែន​ស្រេច​តាម​តែ​បំណង​ចិត្ត ឬ​ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តាម​តែ​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​នោះ​វិញ

17. ដ្បិត​ក្នុង​គម្ពីរ ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ដេច​ផារ៉ោន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​យើង​តាម​រយៈ​អ្នក​និង​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល»។

18. ដូច្នេះ ព្រះ‌អង្គ​មេត្តា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​នរណា​ទៅ​ជា​រឹង‌រូស​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែរ។

19. ប្រហែល​ជា​អ្នក​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ?»។

20. ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះ‌ជា‌ម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ?​។

21. ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃ‌ថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។

22. រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ព្រះ‌ពិរោធ និង​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ព្រះ‌អង្គ​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះ‌ពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។

23. ព្រះ‌អង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លប់​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុងរឿង

24. ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង

សូមអានជំពូកពេញលេញ រ៉ូម 9