គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 9:23-33 Khmer Standard Version (KHSV)

23. ព្រះ‌អង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លប់​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះ‌អង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុងរឿង

24. ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង

25. ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថា: «អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង

26. ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!” ត្រង់​នោះ​គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់»​ ។

27. រីឯ​ព្យាការី​អេសាយ​វិញ លោក​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រា‌អែល​ថា: ទោះ​បី​សាសន៍​អ៊ីស្រា‌អែល​បាន​កើន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ការ​សង្គ្រោះ

28. ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌អង្គ​គ្រប់​ប្រការ​ទាំង​អស់ យ៉ាង​ឆាប់ៗ​នៅ​ផែន‌ដី​នេះ។

29. មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថា: ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន ឲ្យ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ​។

30. ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។

31. រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​ខំ​ប្រឹង​ធ្វើ​តាម​ក្រឹត្យ‌វិន័យ*​ដែល​ផ្ដល់​សេចក្ដី​សុចរិត តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​វិន័យ​នោះ​ឡើយ។

32. ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ពួក​គេ​ពឹង​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ មិន​ពឹង​លើ​ជំនឿ​ទេ។ ពួក​គេ​ជំពប់​ដួល​នឹង «ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់»

33. ដូច​មាន​ចែង​ទុក​មក​ថា: យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ​។

សូមអានជំពូកពេញលេញ រ៉ូម 9