គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

រ៉ូម 4:15-25 Khmer Standard Version (KHSV)

15. ដ្បិត​ក្រឹត្យ‌វិន័យ​បង្កើត​ឲ្យ​មាន​ព្រះ‌ពិរោធ​ តែ​ទី​ណា​គ្មាន​ក្រឹត្យ‌វិន័យ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ក្រឹត្យ‌វិន័យ​ដែរ។

16. ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះ‌គុណ ព្រះ‌បន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ

17. ដូច​មាន​ចែង​ទុក​មក​ថា «យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជាតិ​សាសន៍​មួយ​ចំនួន​ធំ»។ លោក​ជា​ឪពុក​របស់​យើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដែល​លោក​បាន​ជឿ គឺ​ព្រះ‌អង្គ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​ឲ្យ​កើត​មាន។

18. ទោះ​បី​គ្មាន​អ្វី​ជា​ទី​សង្ឃឹម​ក៏​ដោយ ក៏​លោក​អប្រាហាំ​នៅ​តែ​មាន​សង្ឃឹម និង​មាន​ជំនឿ ហើយ​លោក​ក៏​បាន​ទៅ​ជា​ឪពុក​របស់​ជាតិ​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​មាន​ថ្លែង​ទុក​មក​ថា «ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ច្រើន​យ៉ាង​នេះ»។

19. កាល​ណោះ លោក​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​លោក​មើល​មក​រូប​កាយ​របស់​លោក ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​លោក​យាយ​សារ៉ា​ឃើញ​ថា ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​លោក​មិន​អន់‌ថយ​ដែរ។

20. លោក​មិន​បាត់​ជំនឿ ហើយ​ក៏​មិន​សង្ស័យ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជា‌ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​លោក​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់

21. ព្រោះ​លោក​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ព្រះ‌ជា‌ម្ចាស់​សន្យា​ធ្វើ​អ្វី ព្រះ‌អង្គ​ពិត​ជា​មាន​ឫទ្ធា‌នុភាព​នឹង​សម្រេច​តាម​បាន​មិន​ខាន។

22. ហេតុ​នេះ​ហើយ​បាន​ជា «ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​ឲ្យ​បាន​សុចរិត»។

23. ក៏​ប៉ុន្តែ សេចក្ដី​ដែល​មាន​ចែង​ថា «ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​បាន​សុចរិត» នេះ​មិន​មែន​សំដៅ​តែ​លើ​លោក​អប្រាហាំ​ប៉ុណ្ណោះ​ទេ

24. គឺ​សំដៅ​មក​យើង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ឲ្យ​បាន​សុចរិត ព្រោះ​យើង​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ជា‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នេះ​ដែរ។

25. ព្រះ‌យេស៊ូ​ត្រូវ​គេ​បញ្ជូន​ទៅ​សម្លាប់ ព្រោះ​តែ​កំហុស​របស់​យើង ហើយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​សុចរិត។

សូមអានជំពូកពេញលេញ រ៉ូម 4