គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:4-15 Khmer Standard Version (KHSV)

4. លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។

5. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​បាន​ឡើយ។

6. អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន។

7. ពេល​ខ្ញុំ​ជម្រាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។

8. ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។

9. លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ?

11. ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។

12. ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែន‌ដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។

13. ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ឡើយ គឺ​មាន​តែ​បុត្រ​មនុស្ស*ប៉ុណ្ណោះ ដែល​បាន​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។

14. កាល​នៅ​វាល​រហោ‌ស្ថាន លោក​ម៉ូសេ​បាន​លើក​ពស់​ឡើង​យ៉ាង​ណា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ

15. ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

សូមអានជំពូកពេញលេញ យ៉ូហាន 3