ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ាកុប 2 Khmer Standard Version (KHSV)

គ្រិស្ដ‌បរិស័ទ​មិន​ត្រូវ​ប្រកាន់​វណ្ណៈ

1. បង‌ប្អូន​អើយ បង‌ប្អូន​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។

2. ពេល​បង‌ប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ភ្លឺ‌ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ី‌រយ៉ៃ​ចូល​មក​ដែរ

3. ប្រសិន​បើ​បង‌ប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ‌ផ្លេក​នោះ ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯ‌ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ‌ណេះ!»

4. តើ​មិន​បាន​សេចក្ដី​ថា បង‌ប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បង‌ប្អូន ដោយ​រើស​មុខ ហើយ​បង‌ប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?

5. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​ស្ដាប់​ខ្ញុំ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​ព្រះ‌រាជ្យ*​ដែល​ទ្រង់​បាន​សន្យា​ថា​ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌អង្គ ទុក​ជា​មត៌ក។

6. រីឯ​បង‌ប្អូន បង‌ប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បង‌ប្អូន និង​អូស​ទាញ​បង‌ប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស!

7. តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះ‌នាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បង‌ប្អូន​ទេ​ឬ!

8. ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ«ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង‌ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។

9. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បង‌ប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស

10. ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ដែរ។

11. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។

12. បង‌ប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​ឲ្យ​ស្រប​នឹង​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​ក្រឹត្យ‌វិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បង‌ប្អូន

13. ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តា‌ករុណា ព្រះ‌ជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តា‌ករុណា មិន​ខ្លាច​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ឡើយ។

ជំនឿ និង​អំពើ​ល្អ

14. បង‌ប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ?

15. ប្រសិន​បើ​បង‌ប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ

16. ហើយ​មាន​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​បាន​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី?

17. រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!

18. ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា: អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។

19. អ្នក​ជឿ​ថា​ព្រះ‌ជាម្ចាស់​មាន​តែ​មួយ​ព្រះ‌អង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។

20. ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ!

21. លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា។

22. អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​ពេញ​លក្ខណៈ

23. ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត* ដោយ​យល់​ដល់​ជំនឿ​នេះ» លោក​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។

24. ដូច្នេះ បង‌ប្អូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។

25. នាង​រ៉ាហាប់​ជា​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។

26. រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។