3. ដោយដឹងថា ការល្បងលកមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។
4. ក៏ប៉ុន្តែ ត្រូវឲ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
5. ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតទ្រង់ប្រទានឲ្យមនុស្សទាំងអស់ ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ
6. ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូម ដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។
7. មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ
8. ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។
9. សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។
10. រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។
11. លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។
12. អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
13. ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់បានឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។
14. ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។
15. ចិត្តលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់កម្រិត ហើយក៏បណ្ដាលឲ្យស្លាប់។
16. បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។
17. គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
18. ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។
19. បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង
20. ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត*របស់ព្រះជាម្ចាស់បានឡើយ។