គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 4:17-25 Khmer Standard Version (KHSV)

17. តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។

18. កាល​ព្រះ‌អង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ទ្រង់​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។

19. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។

20. អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

21. ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេ‌ដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេ‌ដេ ជា​ឪពុក។ ព្រះ‌អង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។

22. អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

23. ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះ‌អង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា​ផង។

24. ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។

25. មាន​មហា‌ជន​ជា​ច្រើន​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។

សូមអានជំពូកពេញលេញ ម៉ាថាយ 4