ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាថាយ 4 Khmer Standard Version (KHSV)

ព្រះ‌យេស៊ូ​ឈ្នះ​ការ​ល្បួង

1. ពេល​នោះ ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌យេស៊ូ​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​មារ*​សាតាំង​ល្បួង

2. បន្ទាប់​ពី​បាន​តម​អាហារ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ព្រះ‌អង្គ​ក៏​ឃ្លាន។

3. មេ​ល្បួង​ចូល​មក​ជិត​ព្រះ‌អង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំប៉័ង​មើល៍!»។

4. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា“មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​អាហារប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ”»។

5. ពេល​នោះ មារ​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ* ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ*

6. ហើយ​ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវតា*​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។

7. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ”»។

8. មារ​ក៏​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព​លោក ព្រម​ទាំង​ឲ្យ​ព្រះ‌អង្គ​ឃើញ​ភោគ​ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។

9. មារ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ”»។

11. ពេល​នោះ មារ​ក៏​ចាក​ចេញ​ពី​ព្រះ‌អង្គ​ទៅ ហើយ​មាន​ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់ និង​បម្រើ​ព្រះ‌អង្គ។

ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ

12. កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះ‌អង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។

13. ព្រះ‌អង្គ​ចាក​ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាពើ‌ណិម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលី

14. ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី​អេសាយ​ថា៖

15. «ដែន​ដី​សាប់យូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ! ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់ ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ!

16. ប្រជា‌ជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»។

17. តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។

ព្រះ‌យេស៊ូ​ត្រាស់​ហៅ​សិស្ស​បួន​រូប

18. កាល​ព្រះ‌អង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ទ្រង់​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​ពេត្រុស និង​លោក​អនទ្រេ ជា​ប្អូន​របស់​គាត់។

19. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។

20. អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

21. ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេ‌ដេ កំពុង​តែ​រៀបចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេ‌ដេ ជា​ឪពុក។ ព្រះ‌អង្គ​ក៏​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ។

22. អ្នក​ទាំង​ពីរ​ចាក​ចោល​ទូក ចាក​ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

23. ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះ‌អង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន​ឲ្យ​បាន​ជា​ផង។

24. ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។

25. មាន​មហា‌ជន​ជា​ច្រើន​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។