គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 2:8-21 Khmer Standard Version (KHSV)

8. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ​ភ្លាម ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះគិត​ដូច្នេះ?

9. បើ​ខ្ញុំ​ប្រាប់​អ្នក​ពិការ​នេះ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?

10. ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​នឹង​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​លើ​ផែន‌ដី​នេះ រួច​ពី​បាប​បាន»។ ព្រះ‌អង្គ​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ព្រះ‌បន្ទូល​ថា៖

11. «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។

12. មនុស្ស​ខ្វិន​ក៏​ក្រោក​ឈរ​ឡើង​ភ្លាម យក​គ្រែ​ស្នែង​របស់​ខ្លួន ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ចេញ​ទៅ ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ស្ញប់‌ស្ញែង​យ៉ាង​ខ្លាំង ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​បាន​ឃើញ​ការ‌អស្ចារ្យ​ណា​មួយ​ដូច​ពេល​នេះ​ឡើយ!»។

13. ព្រះ‌យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ម្ដង​ទៀត។ បណ្ដា‌ជន​ទាំង​មូល​នាំ​គ្នា​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បង្រៀន​ពួក​គេ។

14. កាល​ព្រះ‌អង្គ​យាង​កាត់​តាម​នោះ ទ្រង់​ទត​ឃើញ​លោក​លេវី ជា​កូន​របស់​លោក​អាល់‌ផាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ លោក​លេវី​ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះ‌អង្គ​ទៅ។

15. បន្ទាប់​មក ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​លេវី។ មាន​អ្នក​ទារ​ពន្ធ* ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស*។ មាន​មនុស្ស​ប្រភេទ​នោះ​ច្រើន​នាក់​បាន​មក​តាម​ព្រះ‌អង្គ។

16. ពួក​អាចារ្យ​ពី​គណៈ​ផារី‌ស៊ី*​ឃើញ​ព្រះ‌យេស៊ូ​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​បរិ‌ភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។

17. ព្រះ‌យេស៊ូ​បាន​ឮ​គេ​និយាយ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ខ្ញុំ​មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​ខ្ញុំ​មក​រក​មនុស្ស​បាប​វិញ»។

18. ថ្ងៃ​មួយ ពួក​សិស្ស​របស់​លោក​យ៉ូហាន‌បាទីស្ដ និង​ពួក​សិស្ស​ខាង​គណៈ​ផារី‌ស៊ី នាំ​គ្នា​តម​អាហារ។ ពួក​គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «សិស្ស​របស់​លោក​យ៉ូហាន និង​សិស្ស​ខាង​គណៈ​ផារី‌ស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ នៅ​ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​តម​អាហារ​កើត​ឬ? ទេ! ដរាប​ណាកូន​កំលោះ​នៅ​ជា​មួយ គេ​មិន​អាច​តម​អាហារ​បាន​ឡើយ។

20. ថ្ងៃ​ក្រោយ​ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ។

21. ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ បើ​ធ្វើ​ដូច្នេះ ក្រណាត់​ថ្មី​នឹង​បណ្ដាល​ឲ្យ​សម្លៀក‌បំពាក់​ចាស់​រហែក​លើស​ដើម​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ម៉ាកុស 2