1. ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។
2. មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។
3. មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។
4. ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។
5. កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។