គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 7:3-15 Khmer Standard Version (KHSV)

3. ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!”។

4. លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ខារ៉ាន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។

5. នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះ‌អង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះ‌អង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។

6. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់​រយៈ​ពេល​បួន​រយ​ឆ្នាំ”។

7. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”។

8. បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។

9. ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។

10. ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះ‌អង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។

11. ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។

12. ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា​នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។

13. នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។

14. បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។

15. លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។

សូមអានជំពូកពេញលេញ កិច្ចការ 7