គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 7:13-29 Khmer Standard Version (KHSV)

13. នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។

14. បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។

15. លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។

16. គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហេម័រ នៅ​ភូមិ​ស៊ីគែម​នោះ។

17. លុះ​ជិត​ដល់​ពេល​ព្រះ‌ជាម្ចាស់​ត្រូវ​បំពេញ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ ជន‌ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។

18. បន្ទាប់​មក មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប តែ​ទ្រង់​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។

19. ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ទ្រង់​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ‌បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។

20. លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។

21. កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។

22. លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។

23. លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​រួម​ជាតិ​របស់​លោក។

24. លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។

25. លោក​នឹក​ស្មាន​ថា បង‌ប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។

26. នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

27. ម្នាក់​ដែល​ធ្វើ​បាប​បង‌ប្អូន បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា: “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​ពី​លើ​យើង?

28. តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?”។

29. កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។

សូមអានជំពូកពេញលេញ កិច្ចការ 7