គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 4:15-30 Khmer Standard Version (KHSV)

15. ពួក​គេ​ក៏​បញ្ជា​ឲ្យ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖

16. «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។

17. ដូច្នេះ តោង​យើង​ហាម‌ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជា‌ជន»។

18. ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។

19. លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ?

20. យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ បាន​ឮ​នោះ​ពុំ​កើត​ទេ»។

21. ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​ឲ្យ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។

22. រីឯ​បុរស​ដែល​បាន​ជា​ដោយ​របៀប​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែ‌សិប​ឆ្នាំ​ហើយ។

23. ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បង‌ប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហា‌បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​បាន​និយាយ។

24. កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ

25. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ?

26. ពួក​ស្ដេច​នៅ​លើ​ផែន‌ដី និង​ពួក​មេ​ដឹក​នាំ​ពួត‌ដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ដ*​របស់​ព្រះ‌អង្គ”។

27. ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។

28. គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះ‌អង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

29. ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង

30. សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ»។

សូមអានជំពូកពេញលេញ កិច្ចការ 4