គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 22:15-26 Khmer Standard Version (KHSV)

15. ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។

16. ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ទៅ ដើម្បី​ព្រះ‌អង្គ​លាង​បាប*​ឲ្យ”។

17. ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី

18. ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខីភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។

19. ខ្ញុំ​ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំ*​នានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​យក​ទៅ​ឃុំ‌ឃាំង និង​វាយ‌ដំ​ទៀត​ផង។

20. នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​បន្ទាល់​របស់​ព្រះ‌អង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។

21. ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។

22. បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។

23. គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។

24. លោក​មេ‌បញ្ជា‌ការ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដា‌ជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។

25. នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។

26. នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាប​លោក​មេ‌បញ្ជា‌ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន‌ជាតិ​រ៉ូម៉ាំង​ទេ​តើ»។

សូមអានជំពូកពេញលេញ កិច្ចការ 22