គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 15:9-19 Khmer Standard Version (KHSV)

9. ព្រះ‌អង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​បរិសុទ្ធ* ដោយ​ជំនឿ។

10. ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ជំទាស់ នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹមដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង‌ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!

11. ទេ មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ»។

12. ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។

13. លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖

14. «បង‌ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​ប្រជា‌រាស្ដ្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។

15. រីឯ​ព្រះ‌បន្ទូល​ដែល​ពួក​ព្យាការី*​បាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖

16. លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ ដែល​រលំ​ទៅ​នោះ​ឡើង​វិញ យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច‌ខ្ទី ឡើង​វិញ

17. ពេល​នោះ មនុស្ស‌ម្នា​ដែល​នៅ​សល់ នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​យើង ក៏​នឹង​ស្វែង​រក​យើង​ដែរ។

18. នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល សម្តែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។

19. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ​នោះ​ឡើយ

សូមអានជំពូកពេញលេញ កិច្ចការ 15