គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 15:23-39 Khmer Standard Version (KHSV)

23. ក្រុម‌ជំនុំ​បាន​ប្រគល់​សំបុត្រ​មួយ​ឲ្យ​លោក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖«យើង​ខ្ញុំ ជា​សាវ័ក ជា​ព្រឹទ្ធា‌ចារ្យ និង​ជា​បង‌ប្អូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។

24. យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង‌ប្អូន បណ្ដាល​ឲ្យ​បង‌ប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។

25. យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឲ្យ​មក​ជួប​បង‌ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង

26. ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បម្រើ​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​របស់​យើង។

27. ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង‌ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។

28. ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង‌ប្អូន​ឲ្យ​ប្រតិបត្តិ​តាម​ឡើយ

29. យើង​គ្រាន់​តែ​សុំ​ឲ្យ​បង‌ប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។

30. ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។

31. គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ។

32. លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ព្យាការី*​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង‌ប្អូន។

33. បន្តិច​ក្រោយ​មក ពួក​បង‌ប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [

34. ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។]

35. រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ រួម​ជា​មួយ​បង‌ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។

36. ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង‌ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

37. លោក​បារណា‌បាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ

38. ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក​កាល​ពី​នៅ​ក្រុង​ប៉ាមភី‌លា គឺ​គាត់​មិន​បាន​ធ្វើ​ការ​រួម​ជា​មួយ​ពួក​លោក​ទេ។

39. លោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាស​បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។

សូមអានជំពូកពេញលេញ កិច្ចការ 15