17. ពេលនោះ មនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ របស់យើង ក៏នឹងស្វែងរកយើងដែរ។
18. នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។
19. ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ
20. ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់-ក និងកុំឲ្យបរិភោគឈាម
21. ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសវិន័យ*របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោក រៀងរាល់ថ្ងៃសប្ប័ទ* នៅក្នុងសាលាប្រជុំ*»។
22. ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។
23. ក្រុមជំនុំបានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖«យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
24. យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។
25. យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង
26. ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។
27. ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។
28. ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ
29. យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នា ដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។
30. ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។
31. គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។
32. លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។
33. បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [