គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 14:11-23 Khmer Standard Version (KHSV)

11. កាល​មហា‌ជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លូកៅ‌នា​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។

12. គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សេយូស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ើមេស» ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។

13. បូជា‌ចារ្យ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។

14. កាល​សាវ័ក*​បារណា‌បាស និង​សាវ័ក​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជា‌ជន ទាំង​ស្រែក​ឡើង​ថា៖

15. «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង‌ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ*​មក​ជម្រាប​ជូន​បង‌ប្អូន គឺ​សូម​បង‌ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។

16. នៅ​ជំនាន់​មុនៗ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។

17. ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ‌អង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង‌ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។

18. ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហា‌ជន​មិន​ឲ្យ​ធ្វើ​បូជា‌យញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។

19. បន្ទាប់​មក មាន​ជន‌ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌នាម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។

20. ប៉ុន្តែ ក្រុម​សិស្ស*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌើបេ​ជា​មួយ​លោក​បារណា‌បាស។

21. លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ក្រុង​ឌើបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សិស្ស*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌នាម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។

22. លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

23. លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ក្រុម‌ជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស​ទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។

សូមអានជំពូកពេញលេញ កិច្ចការ 14