គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10:22-31 Khmer Standard Version (KHSV)

22. គេ​ឆ្លើយ​ថា៖ «លោក​កូនេ‌លាស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏‌វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។

23. លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ ឲ្យ​ស្នាក់​នៅ​ជា​មួយ។ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ ទាំង​មាន​បង‌ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ​ជូន​ដំណើរ​ទៅ​ផង។

24. នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារា។ រីឯ​លោក​កូនេ‌លាស​វិញ គាត់​បាន​អញ្ជើញ​ញាតិ‌សន្ដាន និង​មិត្ត​ជិត‌ដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់‌ចាំ​ពួក​លោក​ពេត្រុស។

25. ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេ‌លាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។

26. ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។

27. លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេ‌លាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា

28. លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដា ហាម​មិន​ឲ្យ​សាសន៍​យូដា ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា​ជា​មនុស្ស ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។

29. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង‌ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង‌ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។

30. លោក​កូនេ‌លាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា

31. “លោក​កូនេ‌លាស​អើយ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក​ក៏​ព្រះ‌អង្គ​មិន​ភ្លេច​ដែរ។

សូមអានជំពូកពេញលេញ កិច្ចការ 10