គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10:1-14 Khmer Standard Version (KHSV)

1. នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​នាយ​ទាហាន​ក្នុង​កង​វរ‌សេនា​តូច រ៉ូម៉ាំង​មួយ ឈ្មោះ «កង​វរ‌សេនា​តូច​អ៊ីតា‌លី»។

2. គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិ‌ប័តន៍ និង​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​ឲ្យ​ប្រជា‌ជន ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​គ្រប់​ពេល​វេលា។

3. ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវតា*​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវតា​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេ‌លាស​អើយ!»។

4. លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះ‌អង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះ‌អង្គ​មិន​ភ្លេច​ទេ។

5. សុំ​លោក​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ​ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។

6. គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។

7. កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេ‌លាស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ផង​នោះ ឲ្យ​ចូល​មក។

8. លោក​បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ។

9. នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ។

10. ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី

11. និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ដី។

12. នៅ​លើ​កំរាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។

13. មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។

14. ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។

សូមអានជំពូកពេញលេញ កិច្ចការ 10