1. ខ្ញុំ ប៉ូល ជាសាវ័ក* ដែលមិនមែនតែងតាំងឡើងដោយមនុស្សលោក ឬដោយជនណាម្នាក់នោះឡើយ គឺតែងតាំងឡើងដោយព្រះយេស៊ូគ្រិស្ដ និងព្រះជាម្ចាស់ជាព្រះបិតា ដែលប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
2. ខ្ញុំ និងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបមកក្រុមជំនុំទាំងឡាយនៅស្រុកកាឡាទី។
3. សូមព្រះជាម្ចាស់ ជាព្រះបិតានៃយើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ* ប្រទានព្រះគុណ និងសេចក្ដីសុខដល់បងប្អូន។
4. ព្រះអម្ចាស់យេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ ព្រោះតែបាបរបស់យើង ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីលោកីយ៍ដ៏អាក្រក់នេះ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាព្រះបិតារបស់យើង។
5. សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!