ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 1 Khmer Standard Version (KHSV)

សេចក្ដី​ផ្ដើម

1. ខ្ញុំ ប៉ូល ជា​សាវ័ក* ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​ព្រះ‌យេស៊ូ​គ្រិស្ដ និង​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ដែល​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។

2. ខ្ញុំ និង​បង‌ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​ទាំង‌ឡាយ​នៅ​ស្រុក​កាឡាទី។

3. សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​ដល់​បង‌ប្អូន។

4. ព្រះ‌អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង។

5. សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

ដំណឹង‌ល្អ​មាន​តែ​មួយ​គត់

6. ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បង‌ប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ស្រប​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង ហើយ​បង‌ប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត

7. តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ​ប៉ុណ្ណោះ។

8. ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្ដី ឬ​ទេវតា*​ណា​មួយ​ពី​ស្ថាន​បរម‌សុខ*​ក្ដី នាំ​ដំណឹង‌ល្អ​ណា​ផ្សេង​មក​ប្រាប់​បង‌ប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បង‌ប្អូន សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ទៅ​ចុះ!

9. ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បង‌ប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!

10. ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ដ​ទៀត​ហើយ!

អំពី​ព្រះ‌យេស៊ូ​នាំ​លោក​ប៉ូល​ឲ្យ​ស្គាល់​ព្រះ‌អង្គ

11. បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បង‌ប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ

12. រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះ‌យេស៊ូ​គ្រិស្ដ*​ឯ‌ណោះ ដែល​បាន​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់។

13. បង‌ប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ក្រុម‌ជំនុំ​នេះ​ទៀត​ផង។

14. ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃ‌ណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។

15. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ។

16. នៅ​ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ឡើយ។

17. ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​សាវ័ក*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប់ រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។

18. បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ពេត្រុស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់​រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។

19. ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកុប ជា​ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។

20. សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បង‌ប្អូន​នេះ​ឥត​កុហក​ទេ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។

21. បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា

22. តែ​ក្រុម‌ជំនុំ​នានា​ដែល​ជឿ​ព្រះ‌គ្រិស្ដ​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។

23. បង‌ប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា “អ្នក​ដែល​បៀត‌បៀន​យើង​កាល​ពី​ដើម ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ​អំពី​ជំនឿ ដែល​គាត់​ចង់​កម្ទេច​ពី​មុន​នោះ​ទៅ​វិញ!”។

24. គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​ខ្ញុំ។