គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:27-39 Khmer Standard Version (KHSV)

27. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះ‌អង្គ គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ទុក​ជា​កេរ‌មត៌ក។

28. កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត​ត្បាត ស្រូវ​ស្កក មាន​ក្រា កណ្ដូប និង​ចង្រិត ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ​នៅ​ក្នុង​ស្រុក និង​តាម​ក្រុង​ដ៏​រឹង‌មាំ​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ

29. ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ទុក្ខ​ខ្លោច‌ផ្សា និង​ឈឺ​ចុក​ចាប់ រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

30. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ព្រះ‌ហឫទ័យ ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​យ៉ាង​ច្បាស់។

31. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ព្រម​ទាំង​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​ពួក​គេ។

32. សូម្បី​តែ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រម​ទាំង​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ ប្រសិន​បើ​គេ​មក​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ

33. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន តាម​សំណូម​ពរ​ទាំង​ប៉ុន្មាន ដែល​ជន​បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។

34. កាល​ណា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះ‌អង្គ រួច​ទូល‌អង្វរ​ព្រះ‌អង្គ​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់ ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ

35. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។

36. កាល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ពេល​នោះ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​មួយ ទោះ​បី​ឆ្ងាយ ឬ​ជិត​ក្ដី

37. ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ទូល‌អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។

38. នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូល‌អង្វរ​ព្រះ‌អង្គ ឆ្ពោះ​មក​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​បាន​សង់​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ

39. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។ សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6