21. កាលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ អធិស្ឋានឆ្ពោះមកទីនេះ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរទាំងប៉ុន្មានរបស់យើងខ្ញុំផង។ បពិត្រព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខ* សូមមេត្តាព្រះសណ្ដាប់ពាក្យទូលអង្វររបស់យើងខ្ញុំ និងអត់ទោសឲ្យយើងខ្ញុំផង!។
22. កាលណាមនុស្សម្នាក់ប្រព្រឹត្តខុសចំពោះអ្នកដទៃ គេបង្ខំឲ្យអ្នកនោះស្បថ ហើយអ្នកនោះមកស្បថនៅមុខអាសនៈ ក្នុងព្រះដំណាក់របស់ព្រះអង្គ
23. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ*ទ្រង់ព្រះសណ្ដាប់ ហើយរកយុត្តិធម៌ឲ្យអ្នកបម្រើរបស់ព្រះអង្គ។ សូមធ្វើទោសអ្នកដែលប្រព្រឹត្តខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិត តាមព្រះហឫទ័យសុចរិតរបស់ព្រះអង្គ។
24. កាលណាអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ
25. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានរួចពីបាប ព្រមទាំងនាំពួកគេមករស់នៅលើទឹកដី ដែលព្រះអង្គប្រទានដល់ដូនតារបស់គេវិញ។
26. កាលណាមេឃរាំងស្ងួត គ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គធ្វើទារុណកម្មពួកគេ ប្រសិនបើពួកគេទូលអង្វរឆ្ពោះមកទីនេះ រួចសរសើរតម្កើងព្រះនាមព្រះអង្គ និងលះបង់អំពើបាប
27. សូមព្រះអង្គដែលគង់នៅស្ថានបរមសុខទ្រង់ព្រះសណ្ដាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ព្រះអង្គ គឺអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានរួចពីបាបផង។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើស្រុករបស់ព្រះអង្គ គឺស្រុកដែលព្រះអង្គប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាកេរមត៌ក។
28. កាលណាស្រុកកើតទុរ្ភិក្ស ជំងឺរាតត្បាត ស្រូវស្កក មានក្រា កណ្ដូប និងចង្រិត ស៊ីបង្ហិនស្រូវ ឬមានខ្មាំងសត្រូវមកឡោមព័ទ្ធប្រជារាស្ត្រនៅក្នុងស្រុក និងតាមក្រុងដ៏រឹងមាំរបស់គេ ហើយកាលណាមានគ្រោះកាច និងជំងឺផ្សេងៗ
29. ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រាអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មានទុក្ខខ្លោចផ្សា និងឈឺចុកចាប់ រួចអធិស្ឋាន និងទូលអង្វរ ទាំងលើកដៃប្រណម្យឆ្ពោះមកព្រះដំណាក់