គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:17-32 Khmer Standard Version (KHSV)

17. បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។

18. តើ​ព្រះ‌ជាម្ចាស់​គង់​នៅ​លើ​ផែនដី​ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង ក៏​ពុំ​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង ចុះ​ទំរាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ!

19. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ នៅ​ថ្ងៃ​នេះ​ផង!

20. សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ជា​កន្លែង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិស្ឋាន​នៅ​ទី​នេះ​ផង!

21. កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។

22. កាល​ណា​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ

23. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​រក​យុត្តិធម៌​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ធ្វើ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គ។

24. កាល​ណា​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ព្រម​ទាំង​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ

25. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប ព្រម​ទាំង​នាំ​ពួក​គេ​មក​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ដល់​ដូនតា​របស់​គេ​វិញ។

26. កាល​ណា​មេឃ​រាំង​ស្ងួត គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​ទូល‌អង្វរ​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ និង​លះ‌បង់​អំពើ​បាប

27. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះ‌អង្គ គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ទុក​ជា​កេរ‌មត៌ក។

28. កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត​ត្បាត ស្រូវ​ស្កក មាន​ក្រា កណ្ដូប និង​ចង្រិត ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ​នៅ​ក្នុង​ស្រុក និង​តាម​ក្រុង​ដ៏​រឹង‌មាំ​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ

29. ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មាន​ទុក្ខ​ខ្លោច‌ផ្សា និង​ឈឺ​ចុក​ចាប់ រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

30. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ព្រះ‌ហឫទ័យ ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​យ៉ាង​ច្បាស់។

31. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ព្រម​ទាំង​ដើរ​ក្នុង​មាគ៌ា​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​ពួក​គេ។

32. សូម្បី​តែ​ជន​បរទេស​ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ព្រម​ទាំង​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ ប្រសិន​បើ​គេ​មក​អង្វរ​ព្រះ‌អង្គ​ក្នុង​ព្រះ‌ដំណាក់​នេះ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6