គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 6:12-23 Khmer Standard Version (KHSV)

12. ព្រះ‌រាជា​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ស្ដេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ។

13. ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្ដាល​ទី‌លាន​ព្រះ‌ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កំពស់​បី​ហត្ថ។ ព្រះ‌រាជា​យាង​ឡើង​គង់​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​លើក​ព្រះ‌ហស្ដ​ឡើង​ទៅ​លើ​មេឃ ទូល​ថា៖

14. «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ព្រះ​ណា​មួយ​ដូច​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ដើរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត។

15. ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ថ្ងៃ​នេះ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា ដោយ‌សារ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។

16. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ថា “ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ដោយ​គោរព​តាម​ក្រឹត្យ‌វិន័យ*​របស់​យើង ដូច​អ្នក​បាន​ដើរ​តាម​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់ ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច”។

17. បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។

18. តើ​ព្រះ‌ជាម្ចាស់​គង់​នៅ​លើ​ផែនដី​ជា​មួយ​មនុស្ស​លោក​កើត​ឬ? សូម្បី​តែ​ផ្ទៃ​មេឃ និង​លំហ​ដ៏​ធំ‌ធេង ក៏​ពុំ​ល្មម​ថ្វាយ​ព្រះ‌អង្គ​គង់​ផង ចុះ​ទំរាំ​បើ​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​ថ្វាយ​នេះ តើ​រឹង‌រឹត​តែ​ចង្អៀត​យ៉ាង​ណា​ទៅ!

19. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក និង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ នៅ​ថ្ងៃ​នេះ​ផង!

20. សូម​ទត​មើល​មក​ព្រះ‌ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ជា​កន្លែង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អធិស្ឋាន​នៅ​ទី​នេះ​ផង!

21. កាល​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ អធិស្ឋាន​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ​ផង។ បពិត្រ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* សូម​មេត្តា​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ និង​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង!។

22. កាល​ណា​មនុស្ស​ម្នាក់​ប្រព្រឹត្ត​ខុស​ចំពោះ​អ្នក​ដទៃ គេ​បង្ខំ​ឲ្យ​អ្នក​នោះ​ស្បថ ហើយ​អ្នក​នោះ​មក​ស្បថ​នៅ​មុខ​អាសនៈ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ

23. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​រក​យុត្តិធម៌​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។ សូម​ធ្វើ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 6