គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 34:5-14 Khmer Standard Version (KHSV)

5. ស្ដេច​ដុត​ធាតុ​របស់​ពួក​បូជា‌ចារ្យ​នៃ​ព្រះ​ដទៃ នៅ​លើ​អាសនៈ​របស់​គេ។ ស្ដេច​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បាន​បរិសុទ្ធ*។

6. ស្ដេច​ក៏​បាន​រំលំ​អាសនៈ នៅ​តាម​ក្រុង​នានា​នៃ​ទឹក​ដី​ម៉ាណា‌សេ អេប្រាអ៊ីម និង​ស៊ីម្មាន រហូត​ដល់​ទឹក​ដី​ណែប‌ថាលី ព្រម​ទាំង​កន្លែង​បាក់​បែក​នៅ​តំបន់​ជុំ‌វិញ​នោះ​ផង។

7. ស្ដេច​កម្ទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមា ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កម្ទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល រួច​ស្ដេច​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

8. នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច គឺ​នៅ​គ្រា​ដែល​ស្ដេច​កំពុង​តែ​ជម្រះ​ស្រុក និង​ព្រះ‌វិហារ ឲ្យ​បាន​បរិសុទ្ធ ព្រះ‌បាទ​យ៉ូ‌សៀស​ចាត់​លោក​សាផាន ជា​កូន​របស់​លោក​អសា‌លា លោក​ម៉ាសេ‌យ៉ា ជា​អភិ‌បាល​ក្រុង ព្រម​ទាំង​លោក​យ៉ូ‌អា ជា​កូន​របស់​លោក​យ៉ូអា‌ហាស និង​ជា​ស្មៀន​ហ្លួង ឲ្យ​ទៅ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

9. លោក​ទាំង​នោះ​ក៏​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ*​ហ៊ីល‌គីយ៉ា។ គេ​យក​ប្រាក់​ដែល​ប្រជា‌ជន​ថ្វាយ​សម្រាប់​ព្រះ‌ដំណាក់​មក គឺ​ប្រាក់​ដែល​ក្រុម​លេវី ជា​ឆ្មាំ​ទ្វារ បាន​ទទួល​ពី​ប្រជា‌ជន​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អេប្រាអ៊ីម និង​កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ប្រជា‌ជន​ពី​កុល‌សម្ព័ន្ធ​យូដា បេន‌យ៉ាមីន និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

10. គេ​ប្រគល់​ប្រាក់​នោះ​ទៅ​ពួក​មេ​ជាង ដែល​ទទួល​ខុស​ត្រូវ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​ពួក​កម្មករ​ដែល​ជួស‌ជុល​ព្រះ‌ដំណាក់​ឲ្យ​បាន​រឹង‌មាំ​ឡើង​វិញ

11. គឺ​មាន​ពួក​ជាង​ឈើ ជាង​សំណង់ និង​សម្រាប់​ទិញ​ថ្ម‌ដាប់ និង​ឈើ សម្រាប់​ប្រើ​ជា​ធ្នឹម ផ្លាន ហើយ​សម្រាប់​ជួស‌ជុល​អាគារ​ផ្សេងៗ ដែល​ស្ដេច​ស្រុក​យូដា​ជំនាន់​មុនៗ​បាន​បំផ្លាញ។

12. មេ​ជាង​ទាំង​នោះ​ធ្វើ​ការ​ដោយ​ចិត្ត​ស្មោះ​បំផុត។ ពួក​គេ​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​យ៉ាហាត់ និង​លោក​អូបា‌ឌា ជា​ក្រុម​លេវី មក​ពី​អំបូរ​ម៉្រារី។ លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ជា​ក្រុម​លេវី​មក​ពី​អំបូរ​កេហាត់ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ការ​សាង​សង់។ ពួក​លេវី​ទាំង​នេះ​សុទ្ធ​តែ​ជា​តន្ត្រី‌ករ​យ៉ាង​ជំនាញ។

13. ពួក​គេ​ក៏​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​អ្នក​លី​សែង ព្រម​ទាំង​កម្មករ​ដែល​ធ្វើ​ការ‌ងារ​ឯ​ទៀតៗ​ដែរ។ ពួក​លេវី​មួយ​ចំនួន​ទៀត​បំពេញ​មុខ‌ងារ​ជា​ស្មៀន រាជការ និង​ជា​ឆ្មាំ​ព្រះ‌ដំណាក់។

14. ពេល​គេ​យក​ប្រាក់ ដែល​ប្រជា‌ជន​ថ្វាយ​ជា​តង្វាយ​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ចេញ​មក នោះ​លោក​មហា‌បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​រក​ឃើញ​គម្ពីរ‌វិន័យ ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 34