គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 34:17-33 Khmer Standard Version (KHSV)

17. គេ​បាន​ប្រគល់​ប្រាក់​តង្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ឲ្យ​ពួក​មេ​ជាង ព្រម​ទាំង​ពួក​កម្មករ​រួច​ស្រេច​ហើយ»។

18. លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ច្បាប់​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

19. កាល​ព្រះ‌រាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ ស្ដេច​ក៏​ហែក​ព្រះ‌ភូសា។

20. បន្ទាប់​មក ស្ដេច​បញ្ជា​ទៅ​លោក​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម​ជា​កូន​របស់​លោក​សា‌ផាន លោក​អាប់‌ដូន​ជា​កូន​របស់​លោក​មីកា‌យ៉ា លោក​សា‌ផាន​ជា​ស្មៀន​ហ្លួង និង​លោក​អសា‌យ៉ា​ជា​រាជ​បម្រើ​ថា៖

21. «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះ‌អម្ចាស់​ឲ្យ​យើង និង​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​យូដា ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះ‌អម្ចាស់​មុខ​ជា​ព្រះ‌ពិរោធ​នឹង​យើង​ខ្លាំង​ណាស់ ដ្បិត​ពួក​ដូនតា​របស់​យើង​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដើម្បី​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ»។

22. លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា និង​អស់​លោក​ដែល​ព្រះ‌រាជា​ចាត់​ឲ្យ​ទៅ បាន​នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រិនី​ហ៊ូល‌ដា​ជា​ភរិយា​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​កូន​ធីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស និង​ជា​អ្នក​ថែ‌រក្សា​សម្លៀក‌បំពាក់​បូជា‌ចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ លោក​ទាំង​នោះ​ជម្រាប​ព្យាកា‌រិនី​តាម​ដំណើរ​រឿង។

23. ព្យាកា‌រិនី​មាន​ប្រសាសន៍​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​គេ​ចាត់​ឲ្យ​មក​រក​យើង​ថា

24. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ ព្រម​ទាំង​ប្រជា‌ជន ស្រប​តាម​បណ្ដាសា​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​នៅ​ចំពោះ​មុខ​ស្ដេច​ស្រុក​យូដា។

25. ដោយ​ពួក​គេ​បាន​បោះ​បង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់‌អោន​បាន​ឡើយ!

26. ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​ឲ្យ​មក​ទូល​សួរ​ព្រះ‌អម្ចាស់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។

27. ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជា‌ជន​នៅ​ក្រុង​នេះ អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀក‌បំពាក់​យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

28. យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប‌ជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខ‌សាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​នឹង​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែល​យើង​នឹង​ធ្វើ​ឲ្យ​កើត​មាន​ដល់​ទីក្រុង និង​ប្រជា‌ជន​នេះ​ឡើយ»។ ពួក​រាជ​បម្រើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។

29. ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។

30. បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឲ្យ​ប្រជា‌ជន​ស្ដាប់។

31. ព្រះ‌រាជា​ឈរ​នៅ​កន្លែង​របស់​ស្ដេច នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​ប្រព្រឹត្ត​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។

32. ស្ដេច​ក៏​បាន​សុំ​ឲ្យ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​បេន‌យ៉ាមីន ចូល​រួម​ក្នុង​ការ​ចង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ អ្នក​ក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​ធ្វើ​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

33. ព្រះ‌បាទ​យ៉ូ‌សៀស​បាន​កំចាត់​រូប​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ចេញ​ពី​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល។ ស្ដេច​បង្គាប់​ប្រជា‌ជន​ទាំង​អស់ ដែល​រស់​នៅ​ស្រុក​អ៊ីស្រា‌អែល ឲ្យ​គោរព​បម្រើ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​ដែល​ស្ដេច​នៅ​គង់​ព្រះ‌ជន្ម ពួក​គេ​ពុំ​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន​ឡើយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 34