គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 20:6-14 Khmer Standard Version (KHSV)

6. ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖«បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ!

7. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ រហូត​ត​ទៅ។

8. ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទី‌សក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ដោយ​ពោល​ថា

9. “ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ព្រះ‌ដំណាក់​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូល‌អង្វរ​សូម​ព្រះ‌អង្គ​ជួយ។ ពេល​នោះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។

10. ឥឡូវ​នេះ ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ព្រះ‌អង្គ​ហាម​អ៊ីស្រា‌អែល​មិន​ឲ្យ​ឆ្លង​កាត់ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប-

11. ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។

12. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះ‌អង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

13. អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មាន​ប្រពន្ធ​កូន និង​ទារក នៅ​ជា​មួយ​ដែរ។

14. ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 20