គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 20:25-37 Khmer Standard Version (KHSV)

25. ព្រះ‌បាទ​យ៉ូសា‌ផាត និង​ប្រជា‌ជន​របស់​ស្ដេច នាំ​គ្នា​រឹប​អូស​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ គេ​ឃើញ​មាន​ហ្វូង​សត្វ សម្លៀក‌បំពាក់ ព្រម​ទាំង​វត្ថុ​ដ៏​មាន​តម្លៃ​ជា​ច្រើន ដែល​នៅ​ជាប់​នឹង​សាក‌សព។ ដោយ​ជយ‌ភ័ណ្ឌ​ទាំង​នោះ​មាន​ច្រើន​ពេក ទោះ​បី​គេ​ចំណាយ​ពេល​អស់​បី​ថ្ងៃ ក៏​នៅ​តែ​ប្រមូល​មិន​អស់​ដែរ។

26. នៅ​ថ្ងៃ​ទី​បួន ពួក​គេ​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​បេរ៉ា‌កា ហើយ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​បេរ៉ា‌កា រហូត​ដល់​សព្វ​ថ្ងៃ។

27. អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​យ៉ាង​សប្បាយ ដោយ​មាន​ព្រះ‌បាទ​យ៉ូសា‌ផាត​យាង​នាំ​មុខ​ពួក​គេ។ ព្រះ‌អម្ចាស់​ប្រទាន​អំណរ​ដ៏​លើស‌លប់​ដល់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បរា‌ជ័យ។

28. ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម តាម​ចង្វាក់​ឃឹម ពិណ និង​ត្រែ រហូត​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

29. ពេល​នគរ​ឯ​ទៀតៗ​ទាំង​អស់​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

30. រាជ្យ​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​សុខ​ក្សេម‌ក្សាន្ត ដ្បិត​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ដេច​មាន​សន្តិ‌ភាព នៅ​គ្រប់​ទិស‌ទី។

31. ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ពេល​ដែល​ទ្រង់​មាន​ជន្មាយុ​សាម‌សិប​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។

32. ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេ‌សា ជា​បិតា ដោយ​ឥត​ងាក​រេ​ឡើយ។ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

33. ប៉ុន្តែ ស្ដេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​ពុំ​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​នៃ​បុព្វបុរស​ខ្លួន​ឡើយ។

34. រាជ‌កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​ហាណា‌នី ដែល​គេ​បញ្ចូល​ទៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

35. មួយ​វិញ​ទៀត ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បាន​រួម​សហ‌ការ​ជា​មួយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ស្ដេច​ស្រុក​អ៊ីស្រា‌អែល ជា​ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់។

36. ស្ដេច​ទាំង​ពីរ​អង្គ​ឲ្យ​គេ​សង់​សំពៅ សម្រាប់​ដើរ​ផ្លូវ​ឆ្ងាយ គេ​សង់​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។

37. ពេល​នោះ ព្យាកា‌រី​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ដូដា‌វ៉ា អ្នក​ស្រុក​ម៉ារី‌សា ថ្លែង​ព្រះ‌បន្ទូល​ទាស់​នឹង​ព្រះ‌បាទ​យ៉ូសា‌ផាត ដូច​ត​ទៅ៖ «ដោយ​ព្រះ‌ករុណា​រួម​សហ‌ការ​ជា​មួយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា នោះ​ព្រះ‌អម្ចាស់​នឹង​រំលាយ​អ្វីៗ​ដែល​ព្រះ‌ករុណា​បាន​ធ្វើ​ជា​មិន​ខាន!»។ សំពៅ​ទាំង​នោះ​ក៏​ត្រូវ​បាក់​បែក មិន​អាច​ចេញ​ដំណើរ​ទៅ​បាន​ឡើយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 20