គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 20:11-22 Khmer Standard Version (KHSV)

11. ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។

12. ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះ‌អង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

13. អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មាន​ប្រពន្ធ​កូន និង​ទារក នៅ​ជា​មួយ​ដែរ។

14. ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។

15. លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «បពិត្រ​ព្រះ‌ករុណា​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា និង​បង‌ប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​ព្រះ‌ជាម្ចាស់។

16. ស្អែក ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោ‌ស្ថាន​យេ‌រួល។

17. អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជំនះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ ព្រះ‌អម្ចាស់​នឹង​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។

18. ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក៏​នាំ​គ្នា​អោន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដែរ។

19. ក្រុម​លេវី​ដែល​មក​ពី​អំបូរ​កេ‌ហាត់ និង​ពូជ‌ពង្ស​លោក​កូរេ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។

20. ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្ដាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ព្យាកា‌រី​របស់​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។

21. បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។

22. ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 20