គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 16:9-14 Khmer Standard Version (KHSV)

9. ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។

10. ព្រះ‌បាទ​អេ‌សា​ខ្ញាល់​នឹង​គ្រូ​ទាយ​ជា​ខ្លាំង ទ្រង់​ក៏​ឲ្យ​គេ​យក​លោក​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​លោក​បាន​ធ្វើ​ឲ្យ​ទ្រង់​ក្រេវ‌ក្រោធ។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ព្រះ‌បាទ​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។

11. រាជ‌កិច្ច​ផ្សេងៗ​របស់​ព្រះ‌បាទ​អេ‌សា ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់ មាន​កត់‌ត្រា​ទុក​នៅ​ក្នុង​ក្រាំង​របស់​ស្ដេច​ស្រុក​យូដា និង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

12. នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​បួន​នៃ​រជ្ជ‌កាល​របស់​ស្ដេច ទ្រង់​កើត​រោគា​យ៉ាង​ធ្ងន់​នៅ​ព្រះ‌បាទា ប៉ុន្តែ ទោះ​បី​ទ្រង់​ប្រឈួន​យ៉ាង​នេះ​ក្ដី ក៏​ទ្រង់​ពុំ​បាន​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​ជួយ​ដែរ គឺ​ទ្រង់​បែរ​ជា​រក​គ្រូ​ពេទ្យ​ព្យាបាល​ទៅ​វិញ។

13. ព្រះ‌បាទ​អេ‌សា​សោយ​ទិវង្គត ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យ‌កោ នៅ​ឆ្នាំ​ទី​សែ‌សិប​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។

14. គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​មួយ ដែល​ទ្រង់​បាន​ឲ្យ​គេ​ជីក​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ គេ​តម្កល់​សព​របស់​ស្ដេច​លើ​គ្រែ​មួយ ដោយ​មាន​អប់​គ្រឿង​ក្រអូប​ដែល​រៀប‌ចំ​ឡើង តាម​ក្បួន​តម្រា​របស់​អ្នក​អប់​សព ហើយ​គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​យ៉ាង​ច្រើន ដើម្បី​ទុក​ជា​គារវ‌កិច្ច​ចំពោះ​ស្ដេច។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 16