គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 14:8-15 Khmer Standard Version (KHSV)

8. ព្រះ‌បាទ​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ​២៨០ ០០០នាក់​ទៀត ជា​អ្នក​ស្រុក​បេន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។

9. នៅ​គ្រា​នោះ ព្រះ‌បាទ​សេ‌រ៉ាស ជា​ស្ដេច​ស្រុក​អេត្យូ‌ពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចំបាំង​បី​រយ​គ្រឿង មក​ច្បាំង​នឹង​កង‌ទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារី‌សា។

10. ព្រះ‌បាទ​អេ‌សា​លើក​ទ័ព​ចេញ​មក​តទល់​នឹង​ពួក​គេ ហើយ​កង‌ទ័ព​ទាំង​ពីរ​រៀប​ក្បួន​ទ័ព​ប្រយុទ្ធ​គ្នា នៅ​ជ្រលង​ភ្នំ​សេផា‌ថា ជិត​ក្រុង​ម៉ារី‌សា។

11. ព្រះ‌បាទ​អេ‌សា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច ដោយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​អាច​ជួយ​អ្នក​ទន់​ខ្សោយ ឲ្យ​ត‌តាំង​នឹង​អ្នក​ខ្លាំង​ពូកែ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​យើង​ខ្ញុំ​ពឹង​ផ្អែក យើង​ខ្ញុំ​ចេញ​មក​ច្បាំង​នឹង​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ក្នុង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​បាន​ឡើយ!»។

12. ព្រះ‌អម្ចាស់​បាន​វាយ​ជន‌ជាតិ​អេត្យូ‌ពី​ឲ្យ​បាក់​ទ័ព រត់​នៅ​ចំពោះ​មុខ​ព្រះ‌បាទ​អេ‌សា និង​កង‌ទ័ព​យូដា។

13. ព្រះ‌បាទ​អេ‌សា និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ បាន​ដេញ​តាម​ពួក​គេ​រហូត​ដល់​កេរ៉ា។ ទាហាន​អេត្យូ‌ពី​ដួល​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ ដ្បិត​កង‌ទ័ព​នេះ​ត្រូវ​អន្តរាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​នៅ​មុខ​ប្រជា‌ជន​របស់​ព្រះ‌អង្គ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អេ‌សា​រឹប​អូស​យក​បាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

14. កង‌ទ័ព​យូដា​ក៏​បាន​វាយ​យក​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ដ្បិត​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​ភ័យ​ខ្លាច​ជា​ខ្លាំង។ កង‌ទ័ព​យូដា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ក្រុង​ទាំង​នោះ ព្រោះ​មាន​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន។

15. ពួក​គេ​បាន​វាយ​លុក​ជំរំ​របស់​គង្វាល​ហ្វូង​សត្វ ហើយ​រឹប​អូស​យក​ចៀម និង​អូដ្ឋ​យ៉ាង​ច្រើន។ បន្ទាប់​មក ពួក​គេ​នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 14