គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 14:1-6 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​អប៊ី‌យ៉ា​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អេ‌សា ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។ ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ដប់​ឆ្នាំ។

2. ព្រះ‌បាទ​អេ‌សា​ប្រព្រឹត្ត​អំពើ​សុចរិត និង​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច។

3. ស្ដេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្ដេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។

4. ស្ដេច​បាន​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ស្វែង​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ផង។

5. ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។

6. ស្ដេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​សុខ​សន្តិ‌ភាព។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 14