1. កាលព្រះបាទអប៊ីយ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអេសា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលព្រះបាទអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។
2. ព្រះបាទអេសាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេច។
3. ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។