ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សា‌វតារ‌ក្សត្រ 25 Khmer Standard Version (KHSV)

ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម

1. ក្នុង​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សេ‌ដេ‌គា នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់ ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ទ័ព​ទាំង​មូល​មក​វាយ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បោះ‌ទ័ព និង​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។

2. ពួក​គេ​ឡោម‌ព័ទ្ធ​ក្រុង​នេះ​រហូត​ដល់​ឆ្នាំ​ទី​ដប់​មួយ នៃ​រជ្ជកាល​ព្រះ‌បាទ​សេ‌ដេ‌គា។

3. នៅ​ថ្ងៃ​ទី​ប្រាំ​បួន​នៃ​ខែ​បួន ពេល​ទុរ្ភិក្ស​កើត​មាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង ហើយ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​លែង​មាន​អាហារ​បរិភោគ​ទៀត​នោះ

4. ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​រត់​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ហ្លួង ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ា‌បា។

5. កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេ‌ដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេ‌រីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។

6. ពួក​គេ​ក៏​ចាប់​ស្ដេច​បញ្ជូន​ទៅ​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ព្រះ‌បាទ​សេ‌ដេគា។

7. គេ​បាន​អារ-ក​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​សេ‌ដេ‌គា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បាទ​សេ‌ដេ‌គា។ បន្ទាប់​មក ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ឲ្យ​គេ​ចាក់​ភ្នែក​របស់​ព្រះ‌បាទ​សេ‌ដេ‌គា រួច​ដាក់​ច្រវាក់​លង្ហិន​ពីរ​ជាន់ នាំ​យក​ទៅ​ស្រុក​បាប៊ី‌ឡូន។

ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​វាយ​យក​បាន​ក្រុង​យេរូ‌សាឡឹម

8. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ខែ​ប្រាំ ក្នុង​ឆ្នាំ​ទី​ដប់​ប្រាំ​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ ដែល​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។

9. លោក​ដុត​កម្ទេច​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដំណាក់​របស់​ស្ដេច ព្រម​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡឹម ជា​ពិសេស​ផ្ទះ​របស់​ពួក​អភិជន។

10. កង‌ទ័ព​ខាល់ដេ​ទាំង​មូល ដែល​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​រាជ‌ប្រតិភូ ក៏​បាន​រំលំ​កំពែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​ចោល​ដែរ។

11. លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ កៀរ​ប្រជា‌ជន​នៅ​សេស‌សល់ ក្នុង​ទីក្រុង អស់​អ្នក​ដែល​បាន​រត់​ទៅ​ចុះ​ចូល​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រម​ទាំង​បណ្ដា‌ជន​ដែល​នៅ​សេស‌សល់​យក​ទៅ​ជា​ឈ្លើយ​សឹក។

12. ប៉ុន្តែ លោក​រាជ‌ប្រតិភូ​ទុក​ឲ្យ​ប្រជា‌ជន​តូច‌តាច​ខ្លះ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ដាំ​ទំពាំង‌បាយជូរ និង​ភ្ជួរ​ស្រែ។

13. ជន‌ជាតិ​ខាល់ដេ​កម្ទេច​សសរ​លង្ហិន នៅ​ទ្វារ​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែក​កំណល់ និង​អាង​ធំ​ធ្វើ​ពី​លង្ហិន ដែល​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​យក​លង្ហិន​ទាំង​ប៉ុន្មាន​ទៅ​ក្រុង​បាប៊ី‌ឡូន។

14. ពួក​គេ​យក​ឆ្នាំង វែក កាំបិត ពែង និង​របស់​ឯ​ទៀតៗ​ធ្វើ​ពី​លង្ហិន សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌វិហារ​ទៅ​ជា​មួយ។

15. លោក​រាជ‌ប្រតិភូ​ក៏​យក​ចង្ក្រាន ភាជន៍ និង​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ទៅ​ជា​មួយ​ដែរ។

16. រីឯ​សសរ​ទាំង​ពីរ អាង​ធំ និង​កំណល់ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ពី​លង្ហិន​នោះ គ្មាន​នរណា​ដឹង​ថា​មាន​ទម្ងន់​ប៉ុន្មាន​ទេ។

17. សសរ​ទី​មួយ​មាន​កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​នៅ​ពី​លើ​សសរ មាន​ក្បាច់​ក្បាល​សសរ មួយ​ធ្វើ​ពី​លង្ហិន ដែល​មាន​កំពស់​បី​ហត្ថ។ នៅ​ជុំ‌វិញ​ក្បាច់​ក្បាល​សសរ​មាន​ក្បាច់​ក្រឡា‌អួន និង​ផ្លែ​ទទឹម​ជា​ច្រើន ដែល​ធ្វើ​ពី​លង្ហិន​ទាំង​អស់។ រីឯ​សសរ​ទី​ពីរ និង​ក្បាច់​ក្រឡា‌អួន ក៏​ដូច​គ្នា​ដែរ។

18. លោក​រាជ‌ប្រតិភូ​បាន​ចាប់​លោក​មហា​បូជា‌ចារ្យ​សេរ៉ាយ៉ា និង​លោក​សេ‌ផា‌នា​ជា​បូជា‌ចារ្យ​រង ព្រម​ទាំង​អ្នក​យាម​ទ្វារ​ព្រះ‌វិហារ​បី​រូប យក​ទៅ​ជា​មួយ។

19. លោក​ក៏​ចាប់​មហា‌តលិក​មួយ​រូប ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ពល​ទាហាន ព្រម​ទាំង​ពួក​នៅ​ក្នុង​វាំង​ប្រាំ​រូប ស្មៀន​របស់​មេ‌ទ័ព​ដែល​មាន​ភារ‌កិច្ច​កេណ្ឌ​ទាហាន និង​ប្រជា‌ជន​ហុក‌សិប​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នា​ពេល​នោះ។

20. លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ‌ប្រតិភូ ចាប់​អ្នក​ទាំង​នោះ​នាំ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​បាប៊ី‌ឡូន នៅ​ក្រុង​រីបឡា។

21. ស្ដេច​ស្រុក​បាប៊ី‌ឡូន​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់។ ជន‌ជាតិ​យូដា​ត្រូវ​គេ​កៀរ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន​បែប​នេះ​ឯង។

22. ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រស់​នៅ​ក្នុង​ស្រុក​យូដា ហើយ​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន ឲ្យ​គ្រប់‌គ្រង​លើ​ពួក​គេ។

23. កាល​ពួក​មេ​ទាហាន និង​ពល​ទាហាន​ទាំង​អស់ ដែល​មិន​បាន​ចុះ​ចូល​កង‌ទ័ព​បាប៊ី‌ឡូន ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​លោក​កេដា‌លា​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា នៅ​មីស‌ប៉ា។ អ្នក​ទាំង​នោះ គឺ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​ថាន់‌ហ៊ូ‌ម៉េក ជា​អ្នក​ស្រុក​នេថូ‌ផា និង​លោក​យា‌សា‌នា ជា​កូន​របស់​ពួក​ម៉ាកា‌ធី ព្រម​ទាំង​ពល​ទាហាន​របស់​ពួក​គេ។

24. លោក​កេដា‌លា​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក​ចំពោះ​មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖ «កុំ​ខ្លាច​មន្ត្រី​ខាល់ដេ​ធ្វើ​អ្វី ចូរ​រស់​នៅ​ក្នុង​ស្រុក ហើយ​បម្រើ​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​ទៅ នោះ​អស់​លោក​នឹង​បាន​សុខ​ជា​មិន​ខាន»។

25. នៅ​ខែ​ទី​ប្រាំ‌ពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាប់​ពូជ​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយ​សម្លាប់​លោក​កេដា‌លា ព្រម​ទាំង​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។

26. ពេល​នោះ ប្រជា‌ជន​ទាំង​មូល ចាប់​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ព្រម​ទាំង​ពួក​មេ​ទាហាន នាំ​គ្នា​ក្រោក​ឡើង ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប ព្រោះ​ខ្លាច​ជន‌ជាតិ​ខាល់ដេ។

27. នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ‌ពីរ ខែ​ដប់‌ពីរ ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក​ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ឲ្យ​មាន​សេរី‌ភាព។

28. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ដោយ​ស្និទ្ធ‌ស្នាល ព្រម​ទាំង​ប្រទាន​កន្លែង​កិត្តិយស​ជាង​ស្ដេច​ឯ​ទៀតៗ ដែល​ជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ី‌ឡូន។

29. ស្ដេច​អនុញ្ញាត​ឲ្យ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​លែង​ស្លៀក​សម្លៀក‌បំពាក់​ឈ្លើយ​សឹក ហើយ​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​សោយ​ព្រះ​ស្ងោយ​រួម​តុ​ជា​មួយ​ស្ដេច​គ្រប់​ពេល រហូត​ដល់​អស់​ព្រះ‌ជន្ម។

30. ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែងតែ​ទំនុក​បម្រុង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។