គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 16:26-43 Khmer Standard Version (KHSV)

26. ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានាសុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់រីឯ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។

27. មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពីព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ពោរ‌ពេញ​ទៅ​ដោយឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។

28. ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ

29. ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់!ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អង្គ!ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់នៅ​ពេល​ព្រះ‌អង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះ‌អង្គ!

30. មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ចុះ!ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ

31. ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយនិង​ឲ្យ​ផែនដី​បាន​រីក‌រាយ​ដ៏​លើស‌លប់!ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ!

32. ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្របន្លឺ​សំឡេង​យ៉ាង​អឺង‌កង!ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះត្រេក​អរ​សប្បាយ!

33. ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់!ដ្បិត​ព្រះ‌អង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី។

34. ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

35. ចូរ​ទូល​ព្រះ‌អង្គ​ថា:ព្រះ‌សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយសូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផងសូម​ប្រមូល​ផ្ដុំ​យើង​ខ្ញុំ ហើយ​យក​យើង​ខ្ញុំចេញ​ពី​ចំណោម​ប្រជា‌ជាតិ​នានាដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើងព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ និង​បាន​ខ្ពស់​មុខដោយ​សរសើរ​តម្កើង​ព្រះ‌អង្គ!

36. សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលតាំង​ពី​ដើម​រៀង​មកហើយ​អស់‌កល្ប​ត​រៀង​ទៅ!»។ពេល​នោះ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ថា«អាម៉ែន សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់!»។

37. ព្រះ‌បាទ​ដាវីឌ​ចាត់​លោក​អេសោភ និង​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ឥត​ដែល​អាក់‌ខាន ដូច​បាន​កំណត់​ទុក។

38. ស្ដេច​ចាត់​លោក​អូបេឌ‌អេដុម​ជា​កូន​របស់​លោក​យេឌូ‌ថិន និង​លោក​ហូសា ព្រម​ទាំង​បង‌ប្អូន​របស់​គាត់​ហុក‌សិប​ប្រាំ​បី​នាក់ ឲ្យ​ធ្វើ​ជា​ឆ្មាំ​ទ្វារ។

39. ស្ដេច​ក៏​ចាត់​លោក​បូជា‌ចារ្យ​សាដុក និង​បូជា‌ចារ្យ​ឯ​ទៀតៗ ជា​បង‌ប្អូន​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​នៅ​មុខ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​លើ​ទួល​ខ្ពស់ នៅ​គីបៀន

40. ដើម្បី​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍​ចំពោះ​ព្រះ‌អម្ចាស់ លើ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត ទាំង​ព្រឹក ទាំង​ល្ងាច ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល។

41. លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​គេ​បាន​ជ្រើស​រើស​តាម​ឈ្មោះ ដើម្បី​លើក​តម្កើង​ព្រះ‌អម្ចាស់ ក៏​មក​ចូល​រួម​ជា​មួយ​បូជា‌ចារ្យ​ទាំង​នោះ​ដែរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

42. លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចម្រៀង​ថ្វាយ​ព្រះ‌ជាម្ចាស់។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខ‌ងារ​ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។

43. ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 16