គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 10:8-20 Khmer Standard Version (KHSV)

8. អ្នក​ណា​មិន​ព្រម​មក ក្នុង​រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។

9. ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។

10. លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។

11. ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។

12. សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!

13. ប៉ុន្តែ យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ចការ​នេះ​ពុំ​អាច​សម្រេច​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។

14. សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។

15. មាន​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អេសា‌អែល និង​លោក​យ៉ាហាស‌យ៉ា ជា​កូន​របស់​លោក​ធឹកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​មស៊ូ‌ឡាម និង​លោក​សាប់‌ថាយ ពី​ក្រុម​លេវី។

16. ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ លោក​បូជា‌ចារ្យ​អែសរ៉ា​បាន​ជ្រើស​រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។

17. នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀប‌ការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។

18. ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​មាន: កូន​ចៅ​លោក​យេសួរ កូន​ចៅ​លោក​យ៉ូសា‌ដាក និង​កូន​ចៅ​របស់​បង‌ប្អូន​គាត់ គឺ​លោក​ម៉ាសេ‌យ៉ា លោក​អេលា‌ស៊ើរ លោក​យ៉ារីប និង​លោក​កេដា‌លា។

19. ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ថ្វាយ​ចៀម​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

20. បន្ទាប់​មក មាន​កូន​ចៅ​លោក​អ៊ីម‌មើរ គឺ​លោក​ហាណានី និង​លោក​សេបា‌ឌា

សូមអានជំពូកពេញលេញ អែសរ៉ា 10