ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 10 Khmer Standard Version (KHSV)

ជន‌ជាតិ​អ៊ីស្រា‌អែល​លែង​ប្រពន្ធ​ដែល​ជា​សាសន៍​ដទៃ

1. ពេល​លោក​អែសរ៉ា​ក្រាប​នៅ​មុខ​ព្រះ‌ដំណាក់​ព្រះ‌ជាម្ចាស់ លោក​ទូល‌អង្វរ និង​លន់‌តួ​បាប ទាំង​សម្រក់​ទឹក​ភ្នែក ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន ទាំង​ប្រុស ទាំង​ស្រី និង​ក្មេង នាំ​គ្នា​មក​ជុំ‌វិញ​លោក ហើយ​យំ​សោក​យ៉ាង​ខ្លាំង។

2. ពេល​នោះ លោក​សេកា‌នា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​តែ​មាន​សង្ឃឹម។

3. យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។

4. សូម​លោក​ក្រោក​ឡើង ហើយ​បំពេញ​កិច្ចការ​របស់​លោក​ចុះ យើង​ខ្ញុំ​គាំទ្រ​លោក។ សូម​លោក​មាន​ចិត្ត​ក្លាហាន​ឡើង រួច​សម្រេច​កិច្ចការ​នេះ​ទៅ»។

5. លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។

6. បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលីយ៉ាស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក​សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។

7. បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។

8. អ្នក​ណា​មិន​ព្រម​មក ក្នុង​រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។

9. ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។

10. លោក​បូជា‌ចារ្យ​អែសរ៉ា​ក្រោក​ឈរ​ឡើង ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​រឹត​តែ​មាន​ទោស។

11. ឥឡូវ​នេះ ចូរ​លន់‌តួ​បាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ចូរ​ញែក​ខ្លួន​ចេញ​ពី​ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ញែក​ខ្លួន​ចេញ​ពី​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា ដែល​ជា​សាសន៍​ដទៃ​ផង»។

12. សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!

13. ប៉ុន្តែ យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ចការ​នេះ​ពុំ​អាច​សម្រេច​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។

14. សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។

15. មាន​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អេសា‌អែល និង​លោក​យ៉ាហាស‌យ៉ា ជា​កូន​របស់​លោក​ធឹកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​មស៊ូ‌ឡាម និង​លោក​សាប់‌ថាយ ពី​ក្រុម​លេវី។

16. ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ យល់​ស្រប​ទាំង​អស់​គ្នា។ លោក​បូជា‌ចារ្យ​អែសរ៉ា​បាន​ជ្រើស​រើស​មេ​ក្រុម​គ្រួសារ​ក្នុង​អំបូរ​នីមួយៗ តាម​ឈ្មោះ​របស់​ពួក​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​ចូល​រួម​ពិនិត្យ​មើល​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ដប់។

17. នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ គេ​បង្ហើយ​ការ​ពិនិត្យ​មើល​សំណុំ​រឿង​របស់​អស់​អ្នក ដែល​រៀប‌ការ​នឹង​ស្ត្រី​សាសន៍​ដទៃ​នោះ។

បញ្ជី​ឈ្មោះ​ជន‌ជាតិ​យូដា​ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ

18. ក្នុង​ចំណោម​ក្រុម​បូជា‌ចារ្យ ដែល​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​មាន: កូន​ចៅ​លោក​យេសួរ កូន​ចៅ​លោក​យ៉ូសា‌ដាក និង​កូន​ចៅ​របស់​បង‌ប្អូន​គាត់ គឺ​លោក​ម៉ាសេ‌យ៉ា លោក​អេលា‌ស៊ើរ លោក​យ៉ារីប និង​លោក​កេដា‌លា។

19. ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ថ្វាយ​ចៀម​ឈ្មោល​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

20. បន្ទាប់​មក មាន​កូន​ចៅ​លោក​អ៊ីម‌មើរ គឺ​លោក​ហាណានី និង​លោក​សេបា‌ឌា

21. កូន​ចៅ​លោក​ហា‌រីម គឺ​លោក​ម៉ាសេ‌យ៉ា លោក​អេលីយ៉ា លោក​សេម៉ាយ៉ា លោក​យេហ៊ី‌អែល និង​លោក​អ៊ូស៊ី‌យ៉ា

22. កូន​ចៅ​លោក​ប៉ាស‌ហ៊ើរ គឺ​លោក​អេលី‌យ៉ូណៃ លោក​ម៉ាសេ‌យ៉ា លោក​អ៊ីស្មា‌អែល លោក​នេថា‌នេល លោក​យ៉ូសា‌បាដ និង​លោក​អេ‌ឡា‌សារ។

23. ក្នុង​ចំណោម​ក្រុម​លេវី​មាន​លោក​យ៉ូសា‌បាដ លោក​ស៊ី‌ម៉ៃ លោក​កេឡា‌យ៉ា ហៅ​កេលី‌ថា លោក​ពេថា‌ហ៊ីយ៉ា និង​លោក​អេលា‌ស៊ើរ។

24. ក្នុង​ចំណោម​ក្រុម​ចម្រៀង​មាន​លោក អេលី-‌យ៉ាស៊ីប។ ក្នុង​ចំណោម​ក្រុម​យាម​ទ្វារ​មាន​លោក​សាលូម លោក​ថេលែម និង​លោក​អ៊ូរី។

25. ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល: កូន​ចៅ​លោក​ប៉ារ៉ូស​មាន​លោក​រ៉ាម៉ា លោក​យីស‌យ៉ា លោក​ម៉ាល់‌គា លោក​មីយ៉ា‌មីម លោក​អេ‌ឡា‌សារ លោក​ម៉ាល់‌គា និង​លោក​បេណា‌យ៉ា។

26. កូន​ចៅ​លោក​អេឡាំ​មាន​លោក​ម៉ាថា‌នា លោក​សាកា‌រី លោក​យេហ៊ី‌អែល លោក​អាប់ឌី លោក​យេរេ‌ម៉ុត និង​លោក​អេលីយ៉ា។

27. កូន​ចៅ​លោក​សាធូ​មាន​លោក​អេលី‌យ៉ូណៃ លោក​អេលីយ៉ាស៊ីប លោក​ម៉ាថា‌នា លោក​យេរេ‌ម៉ុត លោក​សាបាដ និង​អស៊ី‌សា។

28. កូន​ចៅ​លោក​បេ‌បៃ​មាន​លោក​យ៉ូហាណាន លោក​ហាណា‌នា លោក​សាប់‌បាយ និង​លោក​អ័ត‌ឡាយ។

29. កូន​ចៅ​លោក​បានី​មាន លោក​មស៊ូ‌ឡាំ លោក​ម៉ាលូក លោក​អដា‌យ៉ា លោក​យ៉ាស៊ូប លោក​ស្អាល និង​លោក​រ៉ា‌ម៉ូត។

30. កូន​ចៅ​លោក​ប៉ាហាត់-‌ម៉ូអាប់​មាន លោក​អាដ‌ណា លោក​កេឡាល លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាថា‌នា លោក​បេសា‌លាល លោក​ប៊ីនុយ និង​លោក​ម៉ាណា‌សេ។

31. កូន​ចៅ​លោក​ហារីម​មាន​លោក​អេលា‌ស៊ើរ លោក​យីស‌យ៉ា លោក​ម៉ាល់‌គា លោក​សេម៉ាយ៉ា លោក​ស៊ីម្មាន

32. លោក​បេន‌យ៉ាមីន លោក​ម៉ា‌លូក និង​លោក​សេម៉ារីយ៉ា។

33. កូន​ចៅ​លោក​ហាស៊ូម​មាន​លោក​ម៉ាថ្នាយ លោក​ម៉ាត់‌ថាត់ថា លោក​សាបាដ លោក​អេលី‌ផាលេត លោក​យេរេ‌ម៉ៃ លោក​ម៉ាណា‌សេ និង​លោក​ស៊ី‌ម៉ៃ។

34. កូន​ចៅ​លោក​បានី​មាន លោក​ម៉ាដាយ លោក​អាំរ៉ាម លោក​អ៊ូអែល

35. លោក​បេណា‌យ៉ា លោក​បេឌី‌យ៉ា លោក​កេលូ‌ហ៊ូវ

36. លោក​វ៉ានី‌យ៉ា លោក​ម្រេម៉ុត លោក​អេលីយ៉ាស៊ីប

37. លោក​ម៉ាថា‌នា លោក​ម៉ាថ្នាយ លោក​យាសាយ

38. លោក​បានី លោក​ប៊ីនុយ លោក​ស៊ី‌ម៉ៃ

39. លោក​សេលេ‌មា លោក​ណាថាន លោក​អដា‌យ៉ា

40. លោក​ម៉ាក់‌ណាដ‌បៃ លោក​សាសៃ លោក​សារ៉ៃ

41. លោក​អសា‌រាល លោក​សេលេ‌មា លោក​សេម៉ារីយ៉ា

42. លោក​សាលូម លោក​អម៉ា‌រា និង​លោក​យ៉ូសែប។

43. កូន​ចៅ​លោក​នេបូ​មាន​លោក​យីអែល លោក​ម៉ាធិ‌ធា លោក​សាបាដ លោក​សេប៊ី‌ណា លោក​យ៉ាដៃ លោក​យ៉ូ‌អែល និង​លោក​បេណា‌យ៉ា។

44. អ្នក​ទាំង​នេះ​បាន​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ហើយ​មួយ​ចំនួន​មាន​កូន​ទៀត​ផង៕