គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អែសរ៉ា 10:2-9 Khmer Standard Version (KHSV)

2. ពេល​នោះ លោក​សេកា‌នា ជា​កូន​របស់​លោក​យេហ៊ី‌អែល និង​ជា​ពូជ‌ពង្ស​របស់​លោក​អេឡាំ ជម្រាប​លោក​អែសរ៉ា​ថា៖ «យើង​ខ្ញុំ​បាន​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ ជា​ប្រជា‌ជន​រស់​នៅ​ក្នុង​ស្រុក​នេះ។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​តែ​មាន​សង្ឃឹម។

3. យើង​ខ្ញុំ​សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ​នៃ​យើង​ថា យើង​ខ្ញុំ​នឹង​បោះ​បង់​ប្រពន្ធ​សាសន៍​ដទៃ ព្រម​ទាំង​កូន​ដែល​កើត​ពី​ស្ត្រី​ទាំង​នោះ​ទៀត​ផង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​ម្ចាស់ និង​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច ចំពោះ​បទ‌បញ្ជា​របស់​ព្រះ​នៃ​យើង។ សូម​ឲ្យ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។

4. សូម​លោក​ក្រោក​ឡើង ហើយ​បំពេញ​កិច្ចការ​របស់​លោក​ចុះ យើង​ខ្ញុំ​គាំទ្រ​លោក។ សូម​លោក​មាន​ចិត្ត​ក្លាហាន​ឡើង រួច​សម្រេច​កិច្ចការ​នេះ​ទៅ»។

5. លោក​អែសរ៉ា​ក្រោក​ឡើង បង្គាប់​មេ​ដឹក​នាំ ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ព្រម​ទាំង​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ស្បថ ហើយ​ធ្វើ​តាម​សំណើ​របស់​លោក​សេកា‌នា។ ពួក​គេ​ក៏​នាំ​គ្នា​ស្បថ។

6. បន្ទាប់​មក លោក​អែសរ៉ា​ចាក​ចេញ​ពី​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​លោក​យ៉ូហាណាន ដែល​ជា​កូន​លោក​អេលីយ៉ាស៊ីប។ នៅ​ទី​នោះ លោក​មិន​ព្រម​ពិសា​អាហារ ឬ​ទឹក​ឡើយ ដ្បិត​លោក​នៅ​តែ​សោក​សង្រេង ដោយ‌សារ​កំហុស​ដ៏​ធ្ងន់​របស់​ប្រជា‌ជន​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ។

7. បន្ទាប់​មក​ទៀត គេ​ចេញ​ប្រកាស​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ ហើយ​វិល​មក​វិញ​នោះ ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។

8. អ្នក​ណា​មិន​ព្រម​មក ក្នុង​រយៈ​ពេល​បី​ថ្ងៃ តាម​សេចក្ដី​សម្រេច​របស់​មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ គេ​នឹង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​នោះ ហើយ​បណ្ដេញ​គាត់​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល។

9. ក្នុង​អំឡុង​ពេល​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​បេន‌យ៉ាមីន មក​ជួប‌ជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​ទី​ម្ភៃ ក្នុង​ខែ​ទី​ប្រាំ​បួន ប្រជា‌ជន​ទាំង​មូល​អង្គុយ​នៅ​ត្រង់​ទីធ្លា ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ញាប់‌ញ័រ​ជា​ខ្លាំង ព្រោះ​តែ​ព្រឹត្តិ‌ការណ៍​នេះ និង​ព្រោះ​តែ​មាន​ភ្លៀង​ផង។

សូមអានជំពូកពេញលេញ អែសរ៉ា 10