គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 40:20-31 Khmer Standard Version (KHSV)

20. រីឯ​ជន​ក្រីក្រ​ដែល​គ្មាន​មាស​គ្មាន​ប្រាក់គេ​ជ្រើស​រើស​យក​ឈើ​ខ្លឹមហើយ​រក​ជាង​មួយ​រូប​ដ៏​ចំណានឲ្យ​ឆ្លាក់​ធ្វើ​រូប​ព្រះ​ដ៏​រឹង‌មាំ។

21. តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ដឹង​ទេ​ឬ?តើ​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ឮ​ទេ​ឬ?តើ​គេ​មិន​បាន​ផ្សព្វ‌ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នាតាំង​ពី​ដើម​ដំបូង​មក​ទេ​ឬ?តើ​អ្នក​រាល់​គ្នា​ពុំ​យល់​អំពី​ដើម​កំណើត​របស់ផែនដី​នេះ​ទេ​ឬ?

22. ព្រះ‌អង្គ​ដែល​គង់​នៅ​ពី​លើ​លំហ​អាកាសទ្រង់​ទត​មើល​មនុស្ស​នៅ​លើ​ផែនដីឃើញ​មនុស្ស​ដូច​សត្វ​ស្រមោចព្រះ‌អង្គ​លាត​សន្ធឹង​ផ្ទៃ​មេឃដូច​គេ​លាត​សន្ធឹង​ក្រណាត់​មួយ​ផ្ទាំងព្រះ‌អង្គ​ដំឡើង​ផ្ទៃ​មេឃ​ធ្វើ​ជា​ព្រះ‌ដំណាក់ដូច​ដំឡើង​ព្រះ‌ពន្លា។

23. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ទាំង‌ឡាយទៅ​ជា​ឥត​ប្រយោជន៍ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាននៅ​លើ​ផែនដី​ទៅ​ជា​ឥត​បាន​ការ។

24. អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​ដុះទោះ​បី​លូត​លាស់ ឬ​មិន​លូត​លាស់ចាក់​ឫស ឬ​មិន​ចាក់​ឫស​ក្ដីពេល​ណា​ខ្យល់​របស់​ព្រះ‌អម្ចាស់​បក់​មក​លើក៏​ស្វិត​ក្រៀម​អស់រួច​ត្រូវ​ខ្យល់​កួច​យក​បាត់​ទៅ​ដូច​កម្ទេច​ចំបើង។

25. ព្រះ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖តើ​អ្នក​រាល់​គ្នា​ប្រៀប​ប្រដូច​យើងទៅ​នឹង​នរណា?តើ​នរណា​អាច​ស្មើ​នឹង​យើង​បាន?

26. ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​រំពៃ​មើល​ចុះ!តើ​នរណា​បាន​បង្កើត​ផ្កាយ​ទាំង​នោះ?គឺ​ព្រះ‌អម្ចាស់​ដែល​បាន​ហៅ​ហ្វូង‌តារា​ទាំង​នោះឲ្យ​រះ​ឡើង ផ្ដុំ​គ្នា​ជា​កង‌ទ័ពព្រះ‌អង្គ​ហៅ​ផ្កាយ​នីមួយៗ​តាម​ឈ្មោះ​របស់​វា។ដោយ‌សារ​មហិទ្ធិ‌ឫទ្ធិនិង​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ពូកែឥត​មាន​ផ្កាយ​ណា​មួយ​ពុំ​ព្រម​រះ​នោះ​ឡើយ។

27. ម្នាល​កូន​ចៅ​របស់​លោក​យ៉ាកុប​អើយ!ម្នាល​ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ!ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ថា៖ ព្រះ‌អម្ចាស់​មិន​យល់​ទុក្ខ​លំបាក​របស់​ខ្ញុំ​ទេព្រះ​របស់​ខ្ញុំ​មិន​អើពើ​នឹង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឡើយ។

28. តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ?តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ចបាន​បង្កើត​ផែនដី​ទាំង​មូល?ព្រះ‌អង្គ​មិន​ចេះ​នឿយ‌ហត់មិន​ចេះ​អស់​កម្លាំងរីឯ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។

29. ព្រះ‌អង្គ​ប្រទាន​កម្លាំង​ពលំដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។

30. ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំងហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ

31. រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់តែងតែ​មាន​កម្លាំង​ថ្មី​ជា‌និច្ចប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរគេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។

សូមអានជំពូកពេញលេញ អេសាយ 40