គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 37:7-17 Khmer Standard Version (KHSV)

7. បន្តិច​ទៀត ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។

8. មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ស្ដេច​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស ទៅ​វាយ​យក​ក្រុង​លីប‌ណា។

9. ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទារហា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ហេ‌សេគា ដោយ​ផ្ដាំ​ថា៖

10. «ចូរ​ប្រាប់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា​ដោយ​អះ‌អាង​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

11. ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ជំនាន់​មុនៗ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12. ពេល​អយ្យកោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​ឡើយ។

13. រីឯ​ស្ដេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

14. ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ មក​អាន រួច​ស្ដេច​យាង​ឡើង​ទៅ​ព្រះ‌ដំណាក់ យក​លិខិត​នោះ​លាត​បង្ហាញ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

15. ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖

16. «ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

17. ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេ‌រីប​បាន​ផ្ញើ​មក​ជេរ​ប្រមាថ ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ!

សូមអានជំពូកពេញលេញ អេសាយ 37