ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 37 Khmer Standard Version (KHSV)

ព្រះ‌បាទ​ហេ‌សេគា​សួរ​យោបល់​ព្យាការី​អេសាយ

1. កាល​ព្រះ‌បាទ​ហេ‌សេគា​ទទួល​ដំណឹង​នេះ ស្ដេច​ហែក​ព្រះ‌ភូសា​ចោល យក​បាវ​មក​ស្លៀក រួច​យាង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

2. ព្រះ‌រាជា​ចាត់​លោក​អេលា‌គីម ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌បរម‌រាជ‌វាំង និង​លោក​សេបណា​ជា​ស្មៀន​ហ្លួង ព្រម​ទាំង​លោក​បូជា‌ចារ្យ​ចាស់ៗ​ដែល​ស្លៀក​បាវ​ទាំង​អស់​គ្នា ឲ្យ​ទៅ​ជួប​ព្យាការី​អេសាយ ជា​កូន​របស់​លោក​អម៉ូស។

3. ពួក​គេ​ជម្រាប​លោក​ដូច​ត​ទៅ៖ «ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។

4. ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ ប្រហែល​ជា​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ព្រះ‌អង្គ​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌អង្គ​បាន​ឮ។ ហេតុ​នេះ សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក សូម​ព្រះ‌អង្គ​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។

5. មន្ត្រី​របស់​ព្រះ‌បាទ​ហេ‌សេគា​នាំ​គ្នា​ទៅ​ជួប​លោក​អេសាយ

6. ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះ‌ករុណា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​ប្រមាថ​មាក់‌ងាយ​យើង​នោះ​ឡើយ។

7. បន្តិច​ទៀត ស្ដេច​ស្រុក​អាស្ស៊ីរី​ទទួល​ដំណឹង​មួយ យើង​នឹង​ធ្វើ​ឲ្យ​ស្ដេច​នេះ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ត្រូវ​គេ​ធ្វើ​គុត​ដោយ​មុខ​ដាវ​នៅ​ស្រុក​នោះ”»។

ការ​គំរាម​កំហែង​សា​ជា​ថ្មី​ពី​សំណាក់​ស្ដេច​សាន‌ហេរីប

8. មេ‌ទ័ព​បាន​វិល​ទៅ​ជួប​ស្ដេច​អាស្ស៊ីរី​វិញ ក្នុង​ពេល​ដែល​ស្ដេច​កំពុង​តែ​លើក​ទ័ព​ចេញ​ពី​ក្រុង​ឡាគីស ទៅ​វាយ​យក​ក្រុង​លីប‌ណា។

9. ពេល​នោះ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ទទួល​ដំណឹង​ថា កង‌ទ័ព​អេស៊ីប​ដឹក​នាំ​ដោយ​ព្រះ‌ចៅ​ទារហា‌កា ជា​ជន‌ជាតិ​អេត្យូ‌ពី កំពុង​តែ​ចេញ​មក​ធ្វើ​សឹក​នឹង​ទ័ព​អាស្ស៊ីរី។ ពេល​ឮ​ដំណឹង​នេះ​ហើយ ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ហេ‌សេគា ដោយ​ផ្ដាំ​ថា៖

10. «ចូរ​ប្រាប់​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ “សូម​កុំ​ឲ្យ​ព្រះ​របស់​ព្រះ‌ករុណា គឺ​ព្រះ​ដែល​ព្រះ‌ករុណា​ទុក​ចិត្ត បញ្ឆោត​ព្រះ‌ករុណា​ដោយ​អះ‌អាង​ថា ក្រុង​យេរូ‌សាឡឹម​នឹង​មិន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី​ទេ”។

11. ព្រះ‌ករុណា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ជំនាន់​មុនៗ ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​បំផ្លាញ​នគរ​ទាំង​ប៉ុន្មាន​អស់​គ្មាន​សល់។ ចុះ​ព្រះ‌ករុណា​វិញ តើ​ព្រះ‌ករុណា​ស្មាន​ថា​នឹង​រួច​ខ្លួន​កើត​ឬ?

12. ពេល​អយ្យកោ​របស់​យើង​កម្ទេច​នគរ​កូសាន ខារ៉ាន រេសែត និង​ក្រុង​របស់​ពួក​អេដែន នៅ​ស្រុក​ធេឡា‌ស៊ើរ គ្មាន​ព្រះ​ណា​មួយ​របស់​ប្រជា‌ជាតិ​ទាំង​នោះ​រំដោះ​ពួក​គេ​ឡើយ។

13. រីឯ​ស្ដេច​ទាំង‌ឡាយ​របស់​ក្រុង​ហា‌ម៉ាត ក្រុង​អើផាឌ ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ក៏​ត្រូវ​វិនាស​អស់​គ្មាន​សល់​ដែរ!»។

ពាក្យ​អធិស្ឋាន​របស់​ព្រះ‌បាទ​ហេ‌សេគា

14. ព្រះ‌បាទ​ហេ‌សេគា​ទទួល​លិខិត​ពី​អ្នក​នាំ​សារ មក​អាន រួច​ស្ដេច​យាង​ឡើង​ទៅ​ព្រះ‌ដំណាក់ យក​លិខិត​នោះ​លាត​បង្ហាញ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

15. ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖

16. «ឱ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​ជា​ព្រះ​របស់​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

17. ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ! ព្រះ‌អម្ចាស់​អើយ សូម​បើក​ព្រះ‌នេត្រ​ទត​មើល​ផង! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​សានហេ‌រីប​បាន​ផ្ញើ​មក​ជេរ​ប្រមាថ ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ!

18. ឱ​ព្រះ‌អម្ចាស់​អើយ ស្ដេច​ស្រុក​អាស្ស៊ីរី​ពិត​ជា​បាន​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​បំផ្លាញ​ទឹក​ដី​របស់​គេ​មែន

19. ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។

20. ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​សានហេ‌រីប​ផង ដើម្បី​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌អម្ចាស់!»។

21. ពេល​នោះ លោក​អេសាយ ជា​កូន​របស់​លោក​អម៉ូស ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហេ‌សេគា​ថា៖ «ព្រះ‌ករុណា​បាន​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដី​អំពី​សានហេ‌រីប​ជា​ស្ដេច​របស់​ស្រុក​អាស្ស៊ីរី។ នេះ​ជា​ព្រះ‌បន្ទូល​ឆ្លើយ​តប​របស់​ព្រះ‌អម្ចាស់។

22. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្ដេច​នោះ​ថា:សានហេ‌រីប​អើយ!ក្រុង​ស៊ីយ៉ូន ដែល​ប្រៀប​ដូច​ជា​ស្ត្រី​ព្រហ្មចារីនឹង​ប្រមាថ​មើល‌ងាយ​អ្នក អ្នក​ក្រុង​យេរូ‌សាឡឹមនឹង​គ្រវី​ក្បាល​ចំអក​ឲ្យ​អ្នក។

23. តើ​អ្នក​បាន​ជេរ និង​ត្មះ‌តិះ‌ដៀល​នរណា?តើ​អ្នក​ស្រែក​ក្ដែងៗ​ប្រឆាំង​នឹង​នរណា?គឺ​អ្នក​ហ៊ាន​ព្រហើន​ដាក់​ព្រះ​ដ៏‌វិសុទ្ធរបស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

24. អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នកឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់។អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើនអញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយអញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗនិង​ដើម​ស្រឡៅ​ដ៏​ល្អៗ។អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។

25. អញ​បាន​ជីក​អណ្ដូង ហើយ​ផឹក​ទឹកពេល​អញ​ឈាន​ជើង​ជាន់​តំបន់​ទន្លេ​នីលទឹក​នៅ​តាម​ដៃ​ទន្លេ​នឹង​រីង​អស់​ជា​មិន​ខាន។

26. សានហេ‌រីប​អើយ អ្នក​មិន​ដឹង​ទេ​ឬ​ថាយើង​បាន​គ្រោង​ទុក និង​រៀបចំ​ព្រឹត្តិ‌ការណ៍ទាំង​នេះ តាំង​ពី​បុរាណ​កាល​មក​ម៉្លេះ!ឥឡូវ​នេះ យើង​ធ្វើ​ឲ្យ​សម្រេចដើម្បី​កម្ទេច​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំឲ្យ​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ។

27. អ្នក​ក្រុង​ទាំង​នោះ​គ្មាន​កម្លាំង​តទល់​ទេពួក​គេ​ភ័យ​ខ្លាច ហើយ​អាម៉ាស់​មុខ។ពួក​គេ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​តាម​ទី​វាលឬ​ដូច​រុក្ខ‌ជាតិ​នៅ​តាម​ចម្ការនិង​ដូច​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះពេល​ខ្យល់​ក្ដៅ​ពី​ទិស​ខាង​កើត​បក់​មកវា​ក៏​ក្រៀម​អស់​ទៅ។

28. ចំណែក​ឯ​យើង​វិញអ្នក​ធ្វើ​អ្វី​ក៏​ដោយ យើង​ដឹង​ទាំង​អស់។ពេល​ណា​អ្នក​អង្គុយ ពេល​ណា​អ្នក​ចេញ ចូលឬ​ច្រឡោត​ខឹង​នឹង​យើង ក៏​យើង​ដឹង​ដែរ។

29. អ្នក​ច្រឡោត​ខឹង​នឹង​យើងយើង​បាន​ឮ​ពាក្យ​សម្ដី​ព្រហើនៗ​របស់​អ្នកហេតុ​នេះ​ហើយ​បាន​ជា​យើង​យក​កន្លុះមក​ដាក់​ច្រមុះ​អ្នកនិង​យក​បង្ហៀរ​មក​ដាក់​មាត់​អ្នកហើយ​ដឹក​អ្នក​វិល​ត្រឡប់​ទៅ​ស្រុក​របស់​អ្នក​វិញតាម​ផ្លូវ​ដែល​អ្នក​បាន​ធ្វើ​ដំណើរ​មក។

30. ចំពោះ​អ្នក​វិញ ហេសេ‌គា​អើយ យើង​នឹង​បង្ហាញ​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​ឃើញ គឺ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ អ្នក​រាល់​គ្នា​បរិភោគ​ស្រូវ​ដែល​ដុះ​ឯក​ឯង តែ​ឆ្នាំ​ក្រោយ​មួយ​ទៀត អ្នក​រាល់​គ្នា​ត្រូវ​សាប​ព្រោះ ច្រូត​កាត់ អ្នក​រាល់​គ្នា​ត្រូវ​ដាំ​ទំពាំង‌បាយជូរ រួច​បរិភោគ​ផល​នោះ​ទៅ។

31. អ្នក​ស្រុក​យូដា​ដែល​បាន​រួច​ជីវិត និង​នៅ​សេស‌សល់ ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​ទៅ​ក្នុង​ដី ហើយ​មាន​មែក​ពេញ​ទៅ​ដោយ​ផ្លែ។

32. ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​លើស‌លប់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​នឹង​ទុក​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​នៅ​សេស‌សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ឲ្យ​ប្រជា‌ជន​មួយ​ចំនួន​រួច​ជីវិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។

33. ចំពោះ​ស្ដេច​ស្រុក​អាស្ស៊ីរី​វិញ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ស្ដេច​នោះ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ ហើយ​ក៏​មិន​បាញ់​ព្រួញ​ចូល​មក ឬ​ក៏​ប្រើ​ខែល និង​លើក​ដី​ដើម្បី​វាយ​លុក​ក្រុង​នេះ​ដែរ។

34. ស្ដេច​នោះ​នឹង​វិល​ត្រឡប់​ទៅ​វិញ តាម​ផ្លូវ​ដែល​គេ​ធ្វើ​ដំណើរ​មក គឺ​គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ” -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

35. យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង»។

36. ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ចេញ​មក​វាយ​ទី​តាំង​ទ័ព​របស់​ពួក​អាស្ស៊ីរី ហើយ​ប្រហារ​ជីវិត​ពួក​គេ អស់​មួយ​សែន​ប្រាំ​បី​ម៉ឺន​ប្រាំ​ពាន់​នាក់។ លុះ​ព្រឹក​ឡើង ពេល​គេ​ភ្ញាក់​ពី​ដំណេក គេ​ឃើញ​មាន​សាក‌សព​នៅ​ពាស‌ពេញ​ទី​តាំង​ទ័ព។

37. ព្រះ‌ចៅ​សានហេ‌រីប ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ក៏​ដក​ទ័ព​ចេញ​ពី​ទី​នោះ វិល​ត្រឡប់​ទៅ​គង់​នៅ​ក្រុង​នីនីវេ​វិញ។

38. ថ្ងៃ​មួយ ពេល​ស្ដេច​កំពុង​តែ​ថ្វាយ‌បង្គំ​ព្រះ‌នីសរ៉ុក នៅ​ក្នុង​វិហារ នោះ​បុត្រា​ពីរ​អង្គ​របស់​ស្ដេច គឺ​អ័ឌរ៉ា‌ម៉ាឡេក និង​សារេ‌ស៊ើរ បាន​ធ្វើ​គុត​ស្ដេច​ដោយ​មុខ​ដាវ រួច​នាំ​គ្នា​គេច​ខ្លួន​ទៅ​តំបន់​អារ៉ា‌រ៉ាត។ បុត្រា​មួយ​អង្គ​ទៀត​នាម​អេសារ-‌ហាដោន បាន​ឡើង​ស្នង​រាជ្យ។