គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 3:8-20 Khmer Standard Version (KHSV)

8. ការ​ប្រព្រឹត្ត​ដូច្នេះ​ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។

9. ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្តែង​ការ​គោរព​ចំពោះ​ព្រះ‌អង្គ។

10. ធ្វើ​ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំង‌បាយជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរ។

11. កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះ‌អង្គ​ស្ដី​បន្ទោស​ដែរ

12. ដ្បិត​ព្រះ‌អម្ចាស់​តែងតែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។

13. អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ

14. ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្ដល់​ឲ្យ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។

15. ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។

16. ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។

17. ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខដុម‌រមនា និង​សុខ‌សាន្ត។

18. ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។

19. ព្រះ‌អម្ចាស់​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះ‌អង្គ។

20. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ សុភាសិត 3