គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28:11-21 Khmer Standard Version (KHSV)

11. អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

12. កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

13. អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។

14. អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។

15. មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទុគ៌ត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។

16. អ្នក​ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែងតែ​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​អ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។

17. អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។

18. អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់​រមែង​បាន​សុខ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។

19. អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចម្ការ​តែងតែ​មាន​អាហារ​បរិបូណ៌ រីឯ​អ្នក​ខ្ជិល​ច្រអូស​រមែង​ធ្លាក់​ខ្លួន​ក្រ​តោក‌យ៉ាក។

20. មនុស្ស​ស្មោះ​ត្រង់​តែងតែ​ទទួល​ពរ​បរិបូណ៌ រីឯ​អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ឆាប់ៗ រមែង​ទទួល​ទោស។

21. មិន​ត្រូវ​កាត់​ក្ដី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅ‌ក្រម​ខ្លះ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដើម្បី​ដូរ​បាយ​មួយ​ចាន។

សូមអានជំពូកពេញលេញ សុភាសិត 28