គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28:1-13 Khmer Standard Version (KHSV)

1. អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

2. ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។

3. មនុស្ស​ក្រីក្រ​សង្កត់‌សង្កិន​មនុស្ស​ទុគ៌ត ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។

4. អស់​អ្នក​ដែល​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ រមែង​សរសើរ​មនុស្ស​អាក្រក់ រីឯ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ តែងតែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។

5. មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​យល់​សព្វ​គ្រប់​ទាំង​អស់។

6. មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀច‌វេរ។

7. អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេព‌គប់​នឹង​មនុស្ស​ខិល‌ខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។

8. អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កម្រិត ធន‌ធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។

9. អ្នក​ណា​មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។

10. អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។

11. អ្នក​មាន​ទ្រព្យ​រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុគ៌ត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

12. កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជា‌ជន​ទាំង​អស់​នឹង​មាន​កិត្តិយស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ​គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

13. អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។

សូមអានជំពូកពេញលេញ សុភាសិត 28