គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 26:4-21 Khmer Standard Version (KHSV)

4. កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។

5. ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។

6. អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។

7. សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹម‌សារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​មនុស្ស​ខ្វិន​ដែល​ប្រើ​ការ​មិន​កើត។

8. លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។

9. សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​គ្រវី​នៅ​ក្នុង​ដៃ។

10. ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់​ព្រាត់​មក​ធ្វើ​ការ រមែង​ធ្វើ​ឲ្យ​គេ​ឯង​អំពល់​ទុក្ខ​គ្រប់​គ្នា។

11. មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែងតែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។

12. ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។

13. មនុស្ស​កំជិល​តែង​ពោល​ថា «មាន​កូន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ ហើយ​មាន​សិង្ហ​ឈ្មោល​មួយ​នៅ​តាម​ផ្លូវ»។

14. ទ្វារ​តែងតែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ រីឯ​មនុស្ស​កំជិល​នៅ​ននៀល​ជាប់​នឹង​គ្រែ​ជា‌និច្ច។

15. មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយ​ត្អូញ​ថា​ហត់​ពេក។

16. មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំ‌ពីរ​នាក់ ដែល​ចេះ​ឆ្លើយ​ដោយ​វាង‌វៃ។

17. ជ្រៀត‌ជ្រែក​ចូល​ក្នុង​ជំលោះ​របស់​អ្នក​ដទៃ ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ ដែល​កំពុង​រត់។

18. អ្នក​ណា​បោក​បញ្ឆោត​គេ រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង»

19. អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំ‌វិញ​ខ្លួន ហើយ​បាញ់​ព្រួញ ដើម្បី​សម្លាប់​គេ។

20. ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជំលោះ​ក៏​បាត់​អស់​ដែរ។

21. មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។

សូមអានជំពូកពេញលេញ សុភាសិត 26